កងនាវាចរអាមេរិកចំនួន ២នាក់ ត្រូវបានចាប់ខ្លួនពីបទចែកចាយព័ត៌មានយោធាជាមួយប្រទេសចិន
- BY
- autoadmin
- August 4, 2023
សមាជិកកងនាវាចរចំនួន ២រូប ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទបែកធ្លាយព័ត៌មានសម្ងាត់របស់យោធាអាមេរិកទៅកាន់ប្រទេសចិន។ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវិកម្នាក់ក្នុងចំណោមនាវិកដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ ១៤,៨០០ ដុល្លារ នៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣ ពីមន្ត្រីស៊ើបការណ៍សម្ងាត់របស់ចិន ដែលមានតួនាទីជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចដែនសមុទ្រ។ នាវិកម្នាក់នោះបានចែករំលែកផែនការប្រតិបត្តិការសម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងព័ត៌មានស្តីពីប្រព័ន្ធរ៉ាដានៅឯមូលដ្ឋានយោធាអាមេរិកនៅអូគីណាវ៉ា ប្រទេសជប៉ុន។

ចំណែកនាវិកម្នាក់ទៀត ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកមួយផ្សេងទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ថា បានផ្ញើរូបថត និងវីដេអូនៃកប៉ាល់ និងពណ៌នាអំពីអាវុធការពារខ្លួនរបស់សហរដ្ឋអាមេរិក នៅចន្លោះខែមីនា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ។ នាវិកម្នាក់នោះត្រូវបានចោទប្រកាន់ថា បានធ្វើឱ្យលេចធ្លាយព័ត៌មានអំពីប្រព័ន្ធរបស់កប៉ាល់ រួមទាំងថាមពល និងចង្កូត ហើយទទួលបានប្រាក់ចំនួន ៥,០០០ ដុល្លារ។ មន្ត្រីជាន់ខ្ពស់នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បាននិយាយថា ការចាប់ខ្លួននេះ គឺជាការក្រើនរំលឹកទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន នៅក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ មន្ត្រីរូបនេះបាននិយាយថា FBI នៅតែមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងចារកម្ម៕

អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍
- Share This Post:






