ព័ត៌មានជាតិ

ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ

BY
Khmernote Media
August 4, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ដើម្បីអាចបញ្ចៀសបាននៅហានិភ័យផ្សេងៗ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា គិតត្រឹមរសៀល ថ្ងៃទី០២ ខែសីហាឆ្នាំ ២០២៣ យោងតាមរបាយការណ៍ដែលក្រុមការងារគ្រប់គ្រងគ្រោះ មហន្តរាយវិស័យអប់រំ ទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំងប្រទេស សាលារៀនសរុបចំនួន០៧ ផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង គឺខេត្តរតនគិរីមានសាលា រៀនចំនួន០៦ និងខេត្តកំពង់ធំ មានសាលារៀនចំនួន០១។

ឯកឧត្តម បានបន្ដទៀតថា ក្រសួងអប់រំ សូមអំពាវនាវដល់សិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។ សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការ ពារមិនឱ្យកូនលង់ទឹក។ សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឱ្យចៀសផុតពីការឆ្លងរោគា និងគ្រោះ ថ្នាក់នានា។ សិស្សានុសិស្សទាំង អស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា ។ ក្រៅពីការបន្តរៀនសូត្រ សិស្សានុ សិស្សទាំងអស់ត្រូវបន្តរក្សាសុខភាព, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។

«ដូចឆ្នាំកន្លងមកដែរ វិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងគឺ សិស្សានុសិស្សអាចទៅរៀននៅសាលារៀនក្បែរខាង រឺនៅទីតាំងផ្សេងដែលមានសុវត្ថិភាព អមដោយការយន្តការគាំទ្រការសិក្សាផ្សេងៗ»។ ឯកឧត្តម អ្នកនាំពាក្យក្រសួងអប់រំ បានបន្ថែមថា ក្រសួងអប់រំ នៅតែបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងអប់រំ មានក្រុមការងារគ្រប់គ្រងគ្រោះមហន្ត រាយវិស័យអប់រំ ដែលបានបន្តកិច្ច សហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថាន សិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តស្វាគមន៍កិច្ច សហការវិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: