ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ពស្ស «S88 BEAUTY» និងអគារលក់ឱសថបុរាណ សញ្ញាក្អមមាស ដែលព្យាបាលគ្មានបច្ចេកទេសបង្កគ្រោះថ្នាក់ដល់ជីវិត

BY
Khmernote Media
August 5, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចពីរផ្សេងគ្នា ដោយសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ពស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី និងអគារលក់ឱសថបុរាណសញ្ញាក្អមមាស ដែលព្យាបាលគ្មានបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់អ្នកមកទទួលសេវា។

ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្ត គោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះមានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ដោយឡែកក្រសួងសុខាភិបាល សម្រេច បិទ និងដកហូតនូវសេចក្ដីសម្រេចឱ្យបើកអគារលក់ឱសថបុរាណ សញ្ញាក្អមមាស ដែលមានទីតាំងនៅផ្ទះលេខB៨៣ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុបានល្មើសក្នុងការផ្សព្វផ្សាយលើសពីការពិត និងព្យាបាលដោយគ្មានបច្ចេកទេសដែលបណ្ដាលឱ្យអ្នកជំងឺមានគ្រោះថ្នាក់ ដល់ជីវិត ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: