រដ្ឋបាលខេត្តសៀមរាប បំភ្លឺករណីក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលលើកឡើងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងសោភ័ណភាពស្ទឹងសៀមរាប
- August 7, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានលើកឡើងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងសោភ័ណភាពស្ទឹងសៀមរាប។

ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាបសូមបញ្ជាក់ថា ខេត្តសៀមរាបបានទទួលគម្រោង ស្ដារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតទៅដល់ចុងស្រុកមានប្រវែង ៤,៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ផ្តោតលើការ ស្តារ និងការរៀបចំសោភ័ណភាពស្ទឹងសៀមរាប ម្យ៉ាងទៀតដើម្បីបញ្ចៀសទឹកលិចក្រុងសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម។ គម្រោងនេះ អនុវត្តរយៈពេល ២ឆ្នាំ ៨ខែ ដែលបានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។
ជាមួយនឹងការអនុវត្តគម្រោងខាងលើតាមផែនការដែលគ្រោងទុក គម្រោងត្រូវបិទចរន្តទឹក ហូរទាំងស្រុង ទាំងចរន្តទឹកហូរចូល និងចរន្តទឹកហូរចេញ ដើម្បីជៀសវាងមានផលប៉ះពាល់ដល់ការអនុវត្ត គម្រោងនេះ។ កន្លងមក រដ្ឋបាលក្រុងក៏បានធ្វើការស្ដារតាមផែនការ ប៉ុន្តែដោយសារហេតុផលដូចបាន បញ្ជាក់ជូនខាងលើ ធ្វើឱ្យតម្រូវការស្ដារមានទំហំធំ ជាហេតុធ្វើឱ្យការស្ដារបានតែនៅតាមចំណុចមួយចំនួនប៉ុណ្ណោះ។
រដ្ឋបាលខេត្តនឹងយកបញ្ហានេះពិនិត្យបន្ថែមទៀតជាមួយក្រុមការងារអនុវត្តគម្រោង និង រដ្ឋបាលក្រុងសៀមរាប ដើម្បីពិនិត្យលទ្ធភាពក្នុងកាត់បន្ថយផលប៉ះពាល់ និងការស្ដារឱ្យបានច្រើន។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន ៕



ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
- Share This Post:






