ឆាប់ៗនេះអ្នកកំពង់សោម មានសួនច្បារកុមារសម្រាប់កូនៗ លេងកម្សាន្តដល់ទៅ៤ទីតាំងផ្សេងៗគ្នា
- February 25, 2019
នាពេលខាងមុខនេះនៅក្រុងព្រះសីហនុ នឹងមានសួនច្បារកុមាររហូតដល់ទៅ៤ទីតាំងផ្សេងៗគ្នា។ នេះបើយោងតាមប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងពិធីការ នៃរដ្ឋបាលខេត្តព្រះសីហនុ លោក នងឌី ណារ៉ា បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តេីមរបស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សួនច្បារ ៤កន្លែង ក្នុងក្រុងព្រះសីហនុ នឹងត្រូវកែរលំអរ និងសាងសង់ នាពេលឆាប់ៗខាងមុខ។
ដោយទីតាំងទី១ គឺ សួនកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ថែមឧបករណ៍សម្រាប់កុមារលេងកំសាន្ត បានបើកការដ្ឋានកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩, ទីតាំងទី២ គឺសួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្ត នឹងរៀបចំឲ្យផ្លាស់ប្តូរចំណតរថយន្តបច្ចុប្បន្នទៅចំណតរថយន្តថ្មី នៅភូមិ១ (ក្បាលឆាយ) សង្កាត់លេខ១ ក្រុងព្រះសីហនុវិញ, ទីតាំងទី៣ គឺសួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រង-ខេត្តព្រះសីហនុ និងទីតាំងទី៤ គឺសួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ កែលំអឲ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់កុមារលេងកំសាន្ត។ ការរៀបចំកែលម្អ សួនច្បារ០៤កន្លែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណ្ឌអោយកាន់តែមានភាពទាក់ទាញ និងបម្រើអោយផលប្រយោជន៍សាធារណៈ៕




ប្រភព៖ លោក នងឌី ណារ៉ា
អត្ថបទ៖ ណារ៉ែន
- Share This Post:






