សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមការងារនៃក្រសួងធនធានទឹក បានបើកទ្វារធំរំដោះទឹកចេញចំនួន ៤ ដែលនឹងធ្វើឱ្យកម្ពស់ទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់
- August 8, 2023
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលមានទីលំនៅតាមសណ្តរស្ទឹងព្រែកត្នោត និងព្រែកនានាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល សូមមេត្តាយកចិត្តទុកដាក់ពីទឹកការហក់ឡើងនៃកម្ពស់ទឹកជំនន់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ដោយមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅតំបន់ខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងកម្រិតខ្ពស់ ៣៦៨ ម.ម(តម្រងទឹកភ្លៀងអូរកូនត្រុំ) បានបណ្តាលឲ្យស្ថានភាពទឹក ក្នុងស្ទឹងព្រែកត្នោតហក់ឡើងដល់កម្រិតគួរឲ្យប្រុងប្រយ័ត្នដែលនៅស្ថានីយ៍៧មករា ទឹកខាងមុខទ្វារមានកម្ពស់ ៤.៨៩ម ខ្ពស់ជាងទំនប់បង្ហៀរ (+០.០៩ម) ខាងក្រោយទ្វារទឹកមានកម្ពស់៦.៨០មកើនឡើង (+០.៥០ម) បើប្រៀបធៀបថ្ងៃម្សិលមិញ ដែលកម្ពស់ប្រុងប្រយ័ត្នគឺ៧.០០ ម ។ ក្រុមការងារនៃក្រសួងធនធានទឹក និង ឧតុនិយម បានបើកទ្វារធំរំដោះទឹកកម្ពស់ ២.៥០ម ចំនួន០២ទ្វារ និងកម្ពស់២.០០ម ចំនួន ០២ទ្វារ ដែលធារទឹកទាំង នេះនឹងហូរធ្លាក់មកតំបន់ដូចបានរៀបរាប់ជូនខាងដើម។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកណ្តាល
- Share This Post:






