ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបុរសរត់ម៉ូតូកង់បី ដែលបង្កឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួស

BY
Khmernote Media
August 8, 2023

ខេត្តបាត់ដំបង​៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា សមត្ថកិច្ចនគរបាល បានស្វែងរកបុរសដែលបើកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលាទៀបភ្លឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបងឃើញហើយ។

កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល០២ថ្ងៃនេះសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ ពាក់ព័ន្ធនិងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានាទើបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។ បុរសអ្នកបើកម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរំលឹករឿងចាស់អំពីបុរសឈ្មោះ ទេព ភាឡី ហៅ លីញ កាលពី៦ឆ្នាំមុនប្រព្រឹត្តប៉ះចំលើស្រី្តជាជនជាតិបារាំងហើយ ពេលនេះក៏ប្រព្រឹត្តិប៉ះចំលើស្រ្តីជាជនជាតិបារំាងដូចគ្នាម្តងទៀត។ ដោយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបារាំងឈ្មោះ COLINE BACHELIER អាយុ ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល។

ជនសង័្សយរូបនេះត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង ក្រោយពីបានឃាត់ខ្លួន និងរកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជនរងគ្រោះវិញ។ នៅពេលចេញពីពន្ធនាគារវិញ នាទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បុរសរូបនេះ បានប្រព្រឹត្តិសកម្មភាពល្មើសជាថ្មីម្តងទៀត ទៅលើស្រី្តជាជនបរទេស ជនជាតិ បារាំងជាថ្មីម្តងទៀត ហើយត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានម្តងទៀត។ សរុបជារួមគឺគាត់មិនមានការកែប្រែនូវសកម្មភាពល្មើសរបស់គាត់ទេ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: