អន្តរជាតិ

ការស្រាវជ្រាវរបស់អាមេរិកបានរកឃើញថា ពួក Hacker របស់ចិនធ្លាប់លួចចូលទៅក្នុងបណ្តាញយោធាជប៉ុនអស់រយៈពេលជាច្រើនខែ

BY
autoadmin
August 8, 2023

យោងតាមរបាយការណ៍ពី Washington Post បានរាយការណ៍ថា ពួក Hacker នៅក្នុងប្រទេសចិនបាន «ចូលប្រើប្រាស់យ៉ាងស៊ីជម្រៅ និងជាប់លាប់» ទៅកាន់បណ្តាញយោធារបស់ប្រទេសជប៉ុន នេះបើតាមការរកឃើញដោយទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក (National Security Agency)។ នៅពេលដែល NSA បានរកឃើញការចូលលួចនេះជាលើកដំបូងនៅចុងឆ្នាំ២០២០ លោក Paul Nakasone ដែលជាប្រធានរបស់ NSA និងទីប្រឹក្សាសន្តិសុខជាតិរងរបស់សេតវិមានលោក Matthew Pottinger បានធ្វើដំណើរទៅប្រទេសជប៉ុនភ្លាម ដើម្បីរាយការណ៍ពីការចូលលួចនេះ។

ទោះបីជាបញ្ហានេះបានលឺទៅដល់នាយករដ្ឋមន្ត្រីជប៉ុនក៏ដោយ កាសែត Washington Post បានរាយការណ៍ថា ការលួចចូលពីក្រុម Hacker របស់ចិន នៅតែបន្ដជាបញ្ហាអស់រយៈពេលជាច្រើនខែ នៅចុងបញ្ចប់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ រហូតដល់ដើមឆ្នាំ២០២១។ ជាមួយគ្នានេះ Cyber ​​Command របស់ NSA ពីដំបូងក៏បានស្នើផ្តល់ជំនួយដល់ជប៉ុន ដើម្បីសម្អាតមេរោគនៅក្នុងប្រព័ន្ធរបស់ពួកគេផងដែរ ប៉ុន្តែពួកគេបានបដិសេធ ដោយសារតែប្រទេសនេះមិនចង់ឱ្យយោធាបរទេសលូកដៃចូលប្រព័ន្ធរបស់ខ្លួនឡើយ។

ផ្ទុយទៅវិញ ប្រទេសជប៉ុនបានជ្រើសរើសក្រុមហ៊ុនសន្តិសុខពាណិជ្ជកម្មក្នុងស្រុក ដើម្បីស្វែងរកកំហុស ឬចំណុចខ្សោយនៅក្នុងបណ្ដាញការពារជាតិរបស់ពួកគេ ហើយសុំការណែនាំពីសហរដ្ឋអាមេរិក សម្រាប់តែបញ្ហាដែលក្រុមហ៊ុនសន្តិសុខរបស់ជប៉ុនរកឃើញប៉ុណ្ណោះ។ នៅទីបំផុត ជប៉ុនក៏បានអនុម័តឱ្យមានយុទ្ធសាស្ត្រសន្តិសុខជាតិសកម្មជាងមុន ដែលរួមបញ្ចូលការបញ្ជាតាមអ៊ីនធឺណិតថ្មី ដើម្បីអាចត្រួតពិនិត្យបណ្តាញរាល់ពេល និងបុគ្គលិកសន្តិសុខតាមអ៊ីនធឺណិតសកម្មរហូតដល់ ៤,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: