ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Choupette ឆ្មាសំណព្វរបស់អធិរាជម៉ូត Karl Lagerfeld នឹងត្រូវទទួលចំណែកមរតក ៣០០លានដុល្លារអាមេរិក បន្តពីគាត់

    BY autoadmin February 25, 2019
    Choupette ឆ្មាសំណព្វរបស់អធិរាជម៉ូត Karl Lagerfeld នឹងត្រូវទទួលចំណែកមរតក ៣០០លានដុល្លារអាមេរិក បន្តពីគាត់

    កាលពីថ្ងៃអង្គារសប្តាហ៍មុន អធិរាជម៉ូឌែល ជនជាតិអាឡឺម៉ង់ លោក Karl Lagerfeld បានទទួលមរណភាពនៅវ័យ ៨៥ឆ្នាំ។ ហើយពេលនេះឆ្មារបស់គាត់ គឺនាង Choupette ក៏នឹងទទួលបានចំណែកមួយនៃទ្រព្យសម្បត្តិតម្លៃ ៣០០លានដុល្លារអាមេរិក របស់គាត់ដែរ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ Numéro កាលពីឆ្នាំមុន អតីតនាយកច្នៃប្រឌិតរបស់ Chanel និង Fendi រូបនេះបានប្រកាសថា ឆ្មាជាទីស្រឡាញ់មួយនេះ គឺជាអ្នកស្នងមរតកបន្តរបស់គាត់។ លោក Lagerfeld បានបន្ថែមទៀតថា៖ «កុំបារម្ភអី គឺមានចំណែកគ្រប់គ្រាន់សម្រាប់អ្នកគ្រប់គ្នា»។

    Choupette ជាឈ្មោះភាសាបារាំង ដែលមានន័យថា «sweetheart» ជាភាសាអង់គ្លេស ត្រូវបានម្ចាស់វាជួលអ្នកបម្រើយ៉ាងយកចិត្តទុកដាក់ឱ្យវា ដើម្បីធានាថា ឆ្មាមួយនេះញ៉ាំ គេង និងរស់នៅដោយមានផាសុកភាព ជាមួយនឹងការធ្វើដំណើរកម្សាន្តដោយយន្ដហោះឯកជនថ្លៃៗ។ ទោះជាយ៉ាងណាក៏ដោយ Choupette ទំនងជាមិនចាំបាច់ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងនោះដែរ។ Choupette ផ្ទាល់ គឺជាតារាឆ្មាដ៏ល្បី ដែលបានប្រមូលផ្តុំអ្នកគាំទ្រជាង ២៦០,០០០នាក់ នៅលើបណ្តាញសង្គម Instagram ហើយទទួលបានប្រាក់ចំណូល ៣លានដុល្លារអាមេរិក តាមរយៈការឧបត្ថម្ភ និងពាណិជ្ជកម្ម។

    មុននេះផងដែរ នាងធ្លាប់បម្រើការជា ឯកអគ្គរាជទូតប្រចាំក្រុមហ៊ុនផលិតរថយន្ត Opel របស់អាល្លឺម៉ង់ និងមានសែបណ្ដាញផ្ទាល់ខ្លួនជាមួយម៉ាកល្បីៗដូចជា៖ ក្រុមហ៊ុនតុបតែងមុខ Shu Uemura និងអ្នកផលិតផលិតផលឆ្មាដ៏ប្រណីត Cheshire & Wain និងជាប្រធានបទនៃសៀវភៅពីរក្បាលផងដែរ។ លោក Lagerfeld បាននិយាយអំពីទ្រព្យសម្បត្ដិឆ្មារបស់គាត់ ទាំងដែលនាងរកដោយផ្ទាល់ និងកេរ្ដិ៍ដែលគាត់បន្សល់ឱ្យនាង ដោយបញ្ជាក់ថា៖ «នាងមានទ្រព្យសម្បត្ដិផ្ទាល់ខ្លួន នាងគឺជាទាយាទស្រីរបស់ខ្ញុំ ប្រសិនបើមានអ្វីកើតឡើងចំពោះខ្ញុំ អ្នកដែលនឹងត្រូវថែរក្សានាងបន្តនឹងមិនមានភាពវេទនានោះទេ … ព្រោះនាងជាឆ្មាដែលមាន!»។

    យ៉ាងណាមិញនៅក្នុងប្រទេសបារាំងដែលមានច្បាប់យ៉ាងតឹងរ៉ឹង មិនអនុញ្ញាតឱ្យទុកកេរ្ដិ៍មរតកឱ្យទៅសត្វចិញ្ចឹមនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Lagerfeld ទំនងជាដោះស្រាយបញ្ហាច្បាប់ទាំងនេះមុនពេលគាត់ស្លាប់ ដោយគាត់ធ្លាប់ប្រាប់ Numéro ថា «វាជាសំណាងណាស់ដែលខ្ញុំមិនមែនជាជនជាតិបារាំង»៕

    អត្ថបទ៖ លីដា
    ប្រភព៖ consequenceofsound

    Share This Post: