អន្តរជាតិ

WHO ចេញសេចក្តីប្រកាសអាសន្នជាសកលអំពីស៊ីរ៉ូផ្តាសាយដែលផលិតនៅប្រទេសឥណ្ឌា ហើយកំពុងមាន​លក់នៅ​ប្រទេស​អ៊ីរ៉ាក់

BY
autoadmin
August 9, 2023

អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសអាសន្នជាសកលអំពីស៊ីរ៉ូផ្តាសាយមួយប្រភេទ ដែលផលិតនៅប្រទេសឥណ្ឌា ហើយមានលក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ WHO បានប្រកាសកាលពីថ្ងៃចន្ទថា ទឹកស៊ីរ៉ូ Cold Out មួយបាច់ដែលផលិតកាលពីឆ្នាំមុន «មិនមានសុវត្ថិភាព ហើយជាពិសេសអាចធ្វើឱ្យកុមារមានរបួសធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់»។ ការប្រកាសអាសន្ននេះបានកើតឡើង ក្រោយពេលដែល Bloomberg News បានទិញគំរូទឹកសុីរ៉ូនៅឱសថស្ថានមួយ ក្នុងទីក្រុងបាកដាដ កាលពីខែមីនា ដោយមានការធ្វើតេស្ដពីមន្ទីរពិសោធន៍ឯករាជ្យ Valisure LLC មានមូលដ្ឋាននៅ Connecticut។ ពួកគេក៏បានបញ្ជូនលទ្ធផលតេស្តនេះទៅ WHO ក៏ដូចជាអាជ្ញាធរអ៊ីរ៉ាក់ និងឥណ្ឌាកាលពីខែមុន។

វាជាការព្រមានទី៦ ដែលអង្គការសុខភាពពិភពលោកបានចេញនាឆ្នាំកន្លងមកទាក់ទងនឹងទឹកស៊ីរ៉ូដែលមានជាតិពុល ហើយ ៥ ក្នុងចំណោមនោះ គឺមានផ្សារភ្ជាប់ទៅនឹងក្រុមហ៊ុនផលិតនៅឥណ្ឌា។ ទឹកស៊ីរ៉ូ Cold Out នេះត្រូវបានគេរាយការណ៍ថា ផលិតដោយ Foourrts (India) Laboratories Pvt ដែលមានមូលដ្ឋាននៅទីក្រុង Chennai ប្រទេសឥណ្ឌា។ យ៉ាងណាក៏ដោយ មន្ត្រី​អ៊ីរ៉ាក់​មិន​បាន​រាយការណ៍​ពី​ជំងឺ​ណា​មួយ​ទាក់ទង​នឹង​ Cold Out ទេ។ ការផ្ទុះឡើងនៃទឹកស៊ីរ៉ូមានគ្រោះថ្នាក់នេះ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីស្រដៀងគ្នានៅឥណ្ឌូនេស៊ី ហ្គាំប៊ី អ៊ូសបេគីស្ថាន និងកាមេរូន ដែលបានសម្លាប់កុមារប្រហែល ៣០០ នាក់ កាលពីឆ្នាំមុនផងដែរ។

Cold Out គឺជាទឹកសុីរ៉ូមួយក្នុងចំនោម ៣៣ប្រភេទ ផលិតដោយប្រទេសឥណ្ឌា ដែលត្រូវបានសាកល្បងដោយ Valisure ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ Bloomberg លើការជួញដូរជាសកលសម្រាប់ថ្នាំដែលមិនមានសុវត្ថិភាព។ ទឹកសុីរ៉ូនេះត្រូវបានទិញនៅតាមឱសថស្ថានក្នុងប្រទេសចំនួន៦ ហើយបានធ្វើតេស្តរកសារធាតុគីមីពុលចំនួន២ គឺ ethylene glycol និង diethylene glycol។ ក្នុងនោះ Cold Out គឺជាគំរូតែមួយគត់ ដែល Bloomberg រកឃើញថា មានសារធាតុគីមីទាំង២ លើសកម្រិត (០.១%) ដោយមាន ethylene glycol ២.១% និង diethylene glycol ០.២៥%៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: