មន្ទីរអប់រំខេត្តកោះកុង ស្នើឱ្យពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
- August 9, 2023
ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានស្នើឱ្យចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ដោយយោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាល និងការផ្ដល់ព័ត៌មានពី អាណាព្យាបាលសិស្សបានសង្កេតឃើញថា មានលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន រងផលប៉ះពាល់បញ្ហាសុខភាព និងអាការៈពុល នំចំណីអាហារដែលបណ្ដាលមកពីការបរិភោគនំចំណីអាហារមិនបានត្រួតពិនិត្យ(លើសកាលបរិច្ឆេទកំណត់) នំចំណីអាហារចម្អិនមិនបានល្អ នំចំណីអាហារមានប្រភពផលិតមិនច្បាស់លាស់ និងនំចំណីអាហារដែលមាន ជាតិផ្អែមឬប្រៃខ្លាំងរួមទាំងការទទួលទានភេសជ្ជៈផ្អែមខ្លាំងនិងខ្វះអនាម័យដែលមានលក់តាមគ្រឹះស្ថានសិក្សា។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ជួយ ជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង/ស្រុក ចុះត្រួតពិនិត្យការលក់ដូរនំ ចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចមានខ្លឹមសារលម្អិតក្នុងសេចក្ដីណែនាំ លេខៈ១៨អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ៕

- Share This Post:






