នៅថ្ងៃទី១១ និង១២ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើតេស្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
- August 9, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ និង១២ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត នឹងធ្វើតេស្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យ សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាក ជាមួយនឹងការធ្វើតេស្ត រកមេរោគអេដស៍ដោយការស្ម័គ្រចិត្តផងដែរ មុននឹងការធ្វើតេស្តផ្តល់បណ្ណសមធម៌ ជូនពួកគាត់ ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅវត្តភ្នំ ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ផែនការ នៃក្រសួងផែនការ ខណៈឯកឧត្តម និងលោក អ៊ីមរ៉ន ហាស្សាន់ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបន្តអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជំរុញការចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព ដើម្បីដាក់ពាក្យស្នើសុំប័ណ្ណ សមធម៌ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ក្នុងពិធីនោះក្រុមការងារនឹងធ្វើតេស្តរកជម្ងឺអេដស៍ដោយការស្ម័គ្រចិត្ត ហើយបើពួកគាត់មានជំងឺអេដស៍ ក្រុមការងារនឹងផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់តែម្ដង ។ ដោយឡែកចំពោះអ្នកដែលមិនមានជំងឺអេដស៍ទេ ក្រុមការងារនឹងធ្វើការពិនិត្យលទ្ធភាពនៃការផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់ទៅតាមការវិនិច្ឆ័យ។
លោក អ៊ីមរ៉ន ហាស្សាន់ ក៏បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋក្រីក្រប្រមាណ ជាង៣ម៉ឺននាក់ ក្នុងនោះ ក្រប្រភេទ១ មានចំនួនជាង១ម៉ឺននាក់ និងក្រប្រភេទ២ មានប្រមាណជាង ២ម៉ឺននាក់ ហើយនៅក្នុងខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹង ស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត នឹងធ្វើតេស្តរកជំងឺអេដស៍ដោយការស្ម័គ្រចិត្ត ជាមួយនឹងការធ្វើតេស្តដើម្បីផ្ដល់នូវ ប័ណ្ណសមធម៌ទៅឲ្យប្រជាពលរដ្ឋក្រីក្រដែលគ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ហើយចំពោះកិច្ច ការងារខាងលើនេះ គឺបានទទួលការឯកភាពពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចហើយ ៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






