ទីភ្នាក់ងារអឺរ៉ុប Copernicus ៖ ខែកក្កដា ឆ្នាំ២០២៣ គឺជាខែដែលក្តៅបំផុតនៅលើផែនដី ចាប់តាំងពីការកត់ត្រាសីតុណ្ហភាពដំបូងនៅឆ្នាំ១៩៤០
- BY
- autoadmin
- August 9, 2023
ទីភ្នាក់ងារមួយរបស់សហភាពអឺរ៉ុបបាននិយាយថា ខែកក្កដា ឆ្នាំ២០២៣ គឺជាខែដែលក្តៅបំផុតនៅលើភពផែនដី និងក្ដៅបំផុតក្នុងកម្រិតបំបែកកំណត់ត្រាចាស់។ សេវាអង្កេតការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដា នៅទូទាំងពិភពលោកគឺ ១៦.៩៥ អង្សាសេ។ វាគឺលើសពីកំណត់ត្រាមុនដែលមាន ១៦.៦៣ អង្សាសេ ក្នុងខែកក្កដា កាលពីឆ្នាំ២០១៩ និងក្តៅបំផុតចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមនៅឆ្នាំ១៩៤០។

ថ្ងៃទី៦ ខែកក្កដា គឺជាថ្ងៃក្តៅបំផុតនៅរបស់ផែនដី ហើយនៅទូទាំងពិភពលោក កម្ដៅជាមធ្យមបានឡើងដល់ ១៧.០៨ អង្សាសេ។ ទីភ្នាក់ងារបាននិយាយថា សីតុណ្ហភាពលើផ្ទៃសមុទ្រពិភពលោក ក៏មានកម្រិតខ្ពស់ខុសពីធម្មតា ចាប់តាំងពីពាក់កណ្តាលខែឧសភា មកម្ល៉េះ។ កាលពីថ្ងៃទី៣១ ខែកក្កដា សីតុណ្ហភាពលើផ្ទៃសមុទ្រជាមធ្យមបានឡើងដល់ ២០.៩៦ អង្សាសេ ដែលលើសពីកំណត់ត្រាពីមុន គឺ ២០.៩៥ អង្សាសេ ដែលបានកត់ត្រាក្នុងខែមីនា ឆ្នាំ២០១៦។ ផ្ទៃសមុទ្រមានសភាពក្តៅខ្លាំង ក៏បានរួមចំណែកធ្វើឱ្យមានសីតុណ្ហភាពខ្ពស់ខ្លាំងក្នុងខែកក្កដាផងដែរ។
កាលពីខែកក្កដា រលកកម្ដៅបានវាយប្រហារតំបន់ជាច្រើនក្នុងពិភពលោក រួមមានអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។ ភ្លើងឆេះព្រៃដ៏ធំបានផ្ទុះឡើងនៅប្រទេសកាណាដា និងក្រិក។ ទីភ្នាក់ងារនេះនិយាយថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពរបស់មនុស្ស គឺជាកត្តាជំរុញដ៏សំខាន់ ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្លាំងបំផុត។ វាបង្ហាញថា សីតុណ្ហភាពនៅលើដីទំនងជានឹងបន្តកើនលើសពីមធ្យមភាគ ហើយប្រហែលជានឹងឈានដល់កម្រិតមធ្យម ឬកម្រិតខ្ពស់បន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






