ព័ត៌មានជាតិ

សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តចំនួន១៤ ដែលមិនរាប់បញ្ចូលនៅក្នុងរបបថែទាំសុខភាពរបស់ ប.ស.ស.

BY
Khmernote Media
August 9, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តចំនួន១៤ ដែលមិនរាប់បញ្ចូលនៅក្នុងរបបថែទាំសុខភាពរបស់ប.ស.ស. ដែលយើងគួរតែដឹង។

លោក សោម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានមាន ប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា របបថែទាំសុខភាពគឺផ្តោតសំខាន់លើការផ្តល់ជូនសមាជិក ប.ស.ស. នូវសេវាបង្ការសុខភាព សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់ បំណាច់ប្រចាំថ្ងៃដោយគិតពីថ្ងៃផ្អាកការងារដំបូងសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។

លោក បានបញ្ជាក់ថាចំពោះសេវាដែលមិនរាប់បញ្ចូលក្នុងសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តមានចំនួន១៤គឺ៖

១.ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ
២.ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ)
៣.ការព្យាបាល និងការវះកាត់ប្តូរភេទ
៤.ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ
៥.សេវាបង្កកំណើតដោយសិប្បនិម្មិត
៦.ការព្យាបាលដោយខ្លួនឯង
៧.ការព្យាបាល ឬការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណា មួយនៃរាងកាយ
៨.ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែ
៩.ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន
១០.ការព្យាបាលអសមត្ថភាពផ្តល់កំណើត
១១.ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត
១២.ការវះកាត់បេះដូង និងសសៃឈាមបេះដូង
១៣.ការលាងឈាម និង១៤ ការពិនិត្យសុខភាពទូទៅ។

លោក សោម សុវណ្ណរិទ្ធ បានបន្ដថា បច្ចុប្បន្នភាពនៃការអនុវត្តគោល នយោបាយរបបសន្តិសុខសង្គមមានដំណើរការល្អប្រសើរនិងមានបន្ថែមសេវាជាច្រើនទៀត ជាពិសេសស្វ័យនិយោជន៍ដែលសំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់ បៀវត្សដែលផ្តល់ដោយនិយោជន៍ ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។

សំឡេង៖ «កាលពីមុនយើងអនុវត្តតែទៅលើមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន រោងចក្រ ឬក៏សហគ្រាសណាដែលមានកម្មករចាប់ពីម្នាក់ឡើងទៅ។ ប៉ុន្តែឥឡូវគឺបានអនុវត្តបន្ថែមទៅលើបុគ្គលស្វ័យនិយោជន៍ អ៊ីចឹងអ្នកប្រកបរបរខ្លួនឯងដែលមិនមានបុគ្គលិកប្រើក៏ដោយ ឱ្យតែមានប្រាក់ចំណូលមិនថាតែលើវិស័យអ្វីទេ វិស័យកសិកម្ម ចិញ្ចឹមមាន់ ចិញ្ចឹមទា ឱ្យតែមានប្រាក់ចំណូលអាចចុះបញ្ជីបាន គឺអាចធ្វើប័ណ្ណប.ប.សបាននេះ គឺជាការអនុវត្តថ្មីនៅពេលបច្ចុប្បន្ន។ អ៊ីចឹងអ្នកលក់របរតាមកញ្ច្រែង រកស៊ី តាមផ្លូវ ឬលក់តាមផ្លូវ តាមផ្សារដែលមិនមានបុគ្គលិកប្រើក៏អាចទៅចុះបញ្ជីបាន គឺអាចទទួលបានរបបថែទាំសុខភាពដោយអាចទៅព្យាបាលដោយមិនអស់លុយ»។

សូមជម្រាបថា ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: