ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន ចំពោះព្យុះត្រូពិចខាន់ណុន ដែលកំពុងរំកិលខ្លួនបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ទាំងនេះ
- August 10, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីព្យុះត្រូពិចខាន់ណុន (Khanun) និងសូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ។

ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku ។ ឥទ្ធិពលព្យុះនេះបានធ្វើអោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ អាជ្ញាធរបានចេញ សេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ ។
សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។ ក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែល រងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លងនានា ៕

- Share This Post:






