លោក គីម ជុងអ៊ុន បានប្រកាសឱ្យមានការត្រៀមខ្លួនសម្រាប់សង្គ្រាមយោធា នៅអំឡុងកិច្ចប្រជុំធំមួយរបស់គណបក្សពលករ
- BY
- autoadmin
- August 10, 2023
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការត្រៀមរៀបចំសម្រាប់សង្រ្គាមយោធា នៅអំឡុងកិច្ចប្រជុំធំមួយរបស់គណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃពុធ។ លោក គីម ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើបទបញ្ជាជាលាយលក្ខណ៍អក្សរលើវិធានការយោធាសំខាន់ៗ ហើយបានអំពាវនាវឱ្យមានសមយុទ្ធជាក់ស្តែងដោយប្រើអាវុធ និងឧបករណ៍ទំនើបចុងក្រោយបង្អស់។ កិច្ចប្រជុំក៏បានសម្រេចចិត្តលើការជំនួសតំណែងអគ្គសេនាធិការ និងបានពិភាក្សាអំពីការរៀបចំសម្រាប់ក្បួនដង្ហែរបស់កងជីវពល ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេសនៅថ្ងៃទី០៩ ខែកញ្ញា។

រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញរូបថតលោក គីម កំពុងនិយាយនៅពីមុខអ្វីដែលហាក់ដូចជាផែនទីនៃឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា លោក គីម កំពុងចង្អុលទៅកាន់តំបន់ដែលហាក់ដូចជាទីក្រុងសេអ៊ូល និងទីបញ្ជាការយោធា Gyeryongdae ភាគខាងត្បូងនៃរដ្ឋធានី។ កិច្ចប្រជុំពង្រីកត្រូវបានធ្វើឡើងជាលើកដំបូងចាប់តាំងពីខែមេសា នៅពេលដែលលោក គីម ត្រូវបានគេនិយាយថា បានពិនិត្យមើលផែនការប្រតិបត្តិការវាយលុក។ ជាមួយគ្នានោះ ទីក្រុងព្យុងយ៉ាងក៏បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវអ្វីដែលខ្លួនហៅថា មីស៊ីលផ្លោងអន្តរទ្វីប Hwasong-18 ៣ថ្ងៃបន្ទាប់ពីកិច្ចប្រជុំកាលពីខែមេសា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កិច្ចប្រជុំចុងក្រោយនេះគឺមានគោលបំណងព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើសមយុទ្ធយោធារួមគ្នានៅចុងខែនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






