សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីគំរាមចែកចាយរូបភាព និងវីដេអូមិនសមរម្យរបស់អតីតគូរស្នេហ៍ចាស់ ចូលក្នុងបណ្តាញសង្គម
- August 10, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។

ប្រតិបត្តការណ៍នេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ តាំងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លូរធ្ងន់ធ្ងរប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
- Share This Post:






