ក្រុមគ្រូពេទ្យអាមេរិក បានវះកាត់ប្ដូរក្រលៀនជ្រូកទៅឱ្យអ្នកជំងឺបាត់បង់មុខងារខួរក្បាលម្នាក់ ហើយវានៅដំណើរការធម្មតាជាង ១ ខែមកហើយ
- BY
- autoadmin
- August 17, 2023
វេជ្ជបណ្ឌិតអាមេរិកមួយក្រុមបាននិយាយថា ពួកគេបានធ្វើការវះកាត់ប្ដូរក្រលៀនជ្រូកដែលបានកែប្រែហ្សែន ទៅឱ្យអ្នកជំងឺបាត់បង់មុខងារខួរក្បាលម្នាក់ (brain-dead) ហើយវាបានបន្តដំណើរការជាធម្មតាអស់រយៈពេលជាង ១ ខែមកហើយ។ ក្រុមដែលដឹកនាំដោយគ្រូពេទ្យវះកាត់នៅសាកលវិទ្យាល័យញូវយ៉ក បានចេញផ្សាយការរកឃើញនេះកាលពីថ្ងៃពុធ។ គ្រូពេទ្យវះកាត់បានប្តូរក្រលៀនជ្រូកចូលទៅក្នុងខ្លួនបុរសអាយុ ៥៧ ឆ្នាំម្នាក់ កាលពីខែកក្កដា ដោយមានការយល់ព្រមពីគ្រួសាររបស់គាត់។ សរីរាង្គនេះត្រូវបានបន្សាំ និងកែប្រែហ្សែន ដើម្បីការពារការបដិសេធបន្ទាប់ពីការប្តូរសរីរាង្គ។

ក្រុមនេះបាននិយាយថា នេះជាលើកទី៣ហើយ ដែលក្រលៀនជ្រូកដែលបានកែប្រែហ្សែនរួច ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លួនមនុស្ស ហើយនេះគឺជារយៈពេលវែងបំផុតដែលវានៅបន្តដំណើរការបាន។ ក្រុមការងារបាននិយាយថា ខ្លួននឹងបន្តតាមដានការដំណើរការរបស់ក្រលៀននេះបន្ដទៀត។ ជម្រាបដែរថា អ្នកស្រាវជ្រាវជុំវិញពិភពលោកបាននឹងកំពុងធ្វើតេស្ដការប្ដូរសរីរាង្គរបស់សត្វទៅមនុស្សដោយប្រើបច្ចេកវិទ្យាវិស្វកម្មហ្សែន។ កាលពីឆ្នាំមុន វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ក៏បានធ្វើការវះកាត់ប្តូរបេះដូងជ្រូកដំបូងបង្អស់របស់ពិភពលោកទៅជាបុរសដែលមានជំងឺបេះដូង ហើយអ្នកជំងឺបានរស់រានមានជីវិតបានប្រហែល ២ ខែ៕


អត្ថបទ៖ លីដា
ប្រភព៖ ABC news
- Share This Post:






