អន្តរជាតិ

ប្រទេសថៃបានកត់ត្រាករណីបាត់បង់ជីវិតដោយសារមេរោគ Mpox (Monkeypox) ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
August 14, 2023

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃច័ន្ទនេះថា បុរសផ្ទុកមេរោគអេដស៍ជនជាតិថៃម្នាក់ បានក្លាយជាអ្នកជំងឺដំបូងគេនៅក្នុងប្រទេស ដែលបានស្លាប់ក្រោយពីបានឆ្លងមេរោគ Mpox ដែលពីមុនហៅថា «អុតស្វា Monkeypox»។ អគ្គនាយក និងវេជ្ជបណ្ឌិតលោក Tharet Krutnairawiwong បាននិយាយថា អ្នកជំងឺមានអាយុ ៣៤ឆ្នាំ បានស្លាប់នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura កាលពីថ្ងៃសុក្រ។ អ្នកជំងឺជាអ្នករស់នៅខេត្តឈុនបុរី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូង កាលពីថ្ងៃទី០៣ ខែកក្កដា បន្ទាប់ពីគាត់មានគ្រុនក្តៅ ឈឺក្បាល កន្ទួល និងពងបែកលើផ្នែកជាច្រើននៃរាងកាយរបស់គាត់។

នៅថ្ងៃទី១១ ខែកក្កដា មន្ទីរពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា គាត់ទំនងជាឆ្លងមេរោគ Mpox ដូច្នេះហើយ មន្ទីរពេទ្យបានបញ្ជូនសំណាករបស់គាត់ទៅកាន់វិទ្យាស្ថានជំងឺឆ្លង ដើម្បីធ្វើតេស្ដឱ្យបានលម្អិត ហើយក៏រកឃើញថា គាត់ពិតជាឆ្លងមេរោគ Mpox។ គ្រូពេទ្យបានរកឃើញទៀតថា អ្នកជំងឺមានផ្ទុកមេរោគអេដស៍ និងរោគស្វាយ (syphilis) ខណៈដែលអ្នកជំងឺក៏បានត្អូញត្អែរពីការឈឺបំពង់កផងដែរ។ បន្ទាប់ពីការព្យាបាលរយៈពេល ៤សប្តាហ៍ កន្ទួលបានជាសះស្បើយ ហើយអ្នកជំងឺត្រូវបានរំសាយចេញ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី០៩ ខែសីហា អ្នកជំងឺបានអស់កម្លាំង និងពិបាកដកដង្ហើម ដូច្នេះគាត់ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនត្រឡប់ទៅវិទ្យាស្ថានវិញ។

វេជ្ជបណ្ឌិតបានរកឃើញថា កន្ទួលដែលបណ្តាលមកពី Mpox បានរាលដាលពាសពេញរាងកាយរបស់គាត់ ហើយមេរោគបានរីករាលដាលដល់សួត និងខួរក្បាលរបស់គាត់ ហើយកោសិកា CD4 របស់គាត់មានត្រឹមតែ ១៦ ប៉ុណ្ណោះ។ ចំនួនកោសិកា CD4 ធម្មតាគឺពីមានពី ៥០០ ទៅ ១,៤០០ ក្នុងមួយមីលីម៉ែត្រគូបនៃឈាម។ វេជ្ជបណ្ឌិតបានដាក់ថ្នាំអង់ទីប៊ីយោទិច និងថ្នាំប្រឆាំងមេរោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Mpox របស់គាត់ ប៉ុន្តែគួរឱ្យសោកស្ដាយគាត់បានស្លាប់កាលពីយប់ថ្ងៃសុក្រ។ ជម្រាបដែរថា គិត​ត្រឹម​ថ្ងៃ​ទី០​៨ ខែ​សីហា ចំនួន​អ្នក​ឆ្លង​មេរោគ Mpox ក្នុង​ប្រទេស​ថៃមាន​ចំនួន ១៨៩​ ករណី ក្នុង​នោះ​ជនជាតិ​ថៃ ១៦១​ នាក់ និង​ជន​បរទេស ២៨​នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: