សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីក្រោមឱវាទ ត្រូវបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ពេលសម្តេចចាកចេញទៅកាន់ការងារផ្សេងទៀត
- August 14, 2023
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែង ប្រាប់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅតែបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិ ឱ្យមានការចម្រើនបន្ថែមទៀតនៅពេលសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ គឺបន្ដការងារជាធម្មតា ហើយរឹតតែខិតខំបំពេញការងារបន្ថែមទៀត។ សម្ដេចក្រឡហោមបានថ្លែងថា ក្រៅពីនោះ មន្ដ្រីនយោបាយ មានឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេធិការ ក៏ត្រូវបន្ដទទួលនូវភារកិច្ច ដែលក្រសួងប្រគល់ជូន ព្រោះមានការងារត្រូវធ្វើជាច្រើនទៀត។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់បន្ថែមថា៖ «សម្រាប់ក្រសួងមហាផ្ទៃ គឺមានតែខ្ញុំទេ ដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកកម្មផ្សេងទៀត។ ក្រៅពីនោះអាចថា មន្ដ្រីផ្ទេរពីកន្លែងនេះ ពីកន្លែងនោះ វាជារឿងធម្មតាទេ។ ប៉ុន្ដែអ្នកភាគច្រើន ឬក៏ទាំងអស់ ក្រៅពីអ្នកដែលចេញ ហើយចេញតាមរយៈបញ្ចប់អាណត្តិ ដូចខ្ញុំ ជាដើម ឬក៏អ្នកផ្ទេរចេញទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ។ ប៉ុន្ដែអ្នកក្រៅពីនឹង គឺបន្ដទៀត ក្នុងក្របខណ្ឌក្រសួងនេះ។ អីចឹងទេ ខ្ញុំសង្ឃឹមជឿជាក់ថា អគ្គនាយកចុះ ដែលជាស្ថាប័នមុខសាធារណៈ នឹងបន្ដធ្វើការងាររបស់ខ្លួន»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងក្តីសង្ឃឹមថា មន្ដ្រីក្រសួងមហាផ្ទៃ នឹងបន្ដបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យក្រសួងមហាផ្ទៃ មានការរីកចម្រើនបន្ដទៀត ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ក្នុងវិស័យដែលក្រសួងទទួលខុសត្រូវ។ សម្ដេចក្រឡាហោមបានលើកឡើងថា នៅប៉ុន្មានថ្ងៃទៀត រដ្ឋសភា នីតិកាលទី៧ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះកុរណា ព្រះមហាក្សត្រ។
បន្ទាប់ពីនោះ នៅថ្ងៃទី២២ ខែសីហា រាជរដ្ឋាភិបាលថ្មី នឹងត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។ ដូច្នេះចាប់ពីថ្ងៃរសៀលថ្ងៃទី២២ ខែសីហា តទៅ ក្រោយស្បថចូលកាន់តំណែងរាជរដ្ឋាភិបាលថ្មីរួច រាជរដ្ឋាភិបាលថ្មី នឹងបន្ដការងារពីរាជរដ្ឋាភិបាលចាស់៕




- Share This Post:






