គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ណែនាំពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
- August 15, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផែនការណែនាំស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានឱ្យដឹងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ៖ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់ លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។
ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
សម្រាប់បុណ្យកឋិនទាន៖ ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្ដង មានរយៈពេលកំណត់តែ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទាន មានផលានិសង្សខ្ពស់ទាំងទាយកទាយិកា និងទាំងបដិគ្គាហកៈ ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹងទទួល បាននូវសម្ភារថវិកា សម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភ ដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀត។
ឆ្នាំនេះ កឋិនទាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងបានផ្ដល់ឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា ជូនបុត្រធីតា បងប្អូន សិស្ស និស្សិត មន្ត្រីរាជការ និងប្រជារាស្ត្រខ្មែរ ទាំងក្នុង និងក្រៅប្រទេស មានលទ្ធភាពធ្វើបដិការគុណ គោរពតបស្នងសងគុណ មាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ តាមជំនឿ និងបានរួមចំណែកថែរក្សានូវប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់វង្ស។ ប្រពៃណី ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ សូមអាចសេចក្ដីណែនាំលម្អិតរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដូចខាងក្រោម៖




- Share This Post:






