ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណស្តេចប្រដាល់ល្បីប្រចាំប្រទេសមីយ៉ាន់ម៉ា Dave Leduc ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការអរគុណ ចំពោះអ្នកប្រដាល់ល្បីល្បាញប្រចាំប្រទេសមីយ៉ាន់ម៉ា ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា «សួស្ដីលោក Dave Leduc ! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។
ការបញ្ចេញសារថ្លែងនូវការអរគុណរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពី លោក Dave Leduc បានបង្ហោះហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖ «ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា?? នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។ ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនចំនួន ៥៤លាននាក់ ប្រទេសកម្ពុជាមាន ១៦លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ។
តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។ ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត… ខ្ញុំចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ ? សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»៕






ប្រភព៖ ក្រសួងព័ត៌មាន