Galaxy Note 10 អាចនឹងមានកាមេរ៉ាក្រោយរហូតដល់៤គ្រាប់ឯណោះ
- February 26, 2019
ថ្មីៗនេះក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនទំនើបៗ កំពូលៗចំនួនប្រាំម៉ូឌែលហើយ ដែលមាន Galaxy S10e , Galaxy S10 , Galaxy S10+ , Galaxy S10 5G និង Galaxy Fold ។ ការចូលខ្លួនមកដល់របស់ត្រកូល Galaxy S នេះមិនទាន់បានមួយសប្ដាហ៍ផង ក៏ស្រាប់តែមានពាក្យចចាមអារ៉ាម ដែលនិយាយពី Galaxy Note 10 ទៀតបាត់ទៅហើយ ។ ពាក្យចចាមអារ៉ាមចុងក្រោយដែល ដែលទាក់ទងនឹង Galaxy Note 10 បាននិយាយថា ត្រកូល Note ជំនាន់ក្រោយអាចនឹងមានកាមេរ៉ាក្រោយមិនតិចជាងបួនគ្រាប់នោះទេ ហើយសម្រាប់ព័ត៌មាននេះក៏បានលេចចេញមកពី SamMobile ដែលជាប្រភពគួរទុកចិត្តបាន ។
តែយ៉ាងណាក៏ដោយ Note 10 មិនមែនជាស្មាតហ្វូនដំបូងនោះទេ ដែលមានកាមេរ៉ាបួនគ្រាប់នោះ ហើយបើនិយាយពីស្មាតហ្វូនកំពូល ដែលមានបំពាក់កាមេរ៉ាបួនគ្រាប់នៅពេលនេះ គឺមានតែ Samsung Galaxy S10 Plus 5G ប៉ុណ្ណោះ។ គេនៅមិនទាន់ដឹងច្បាស់ពីសមត្ថភាពកាមេរ៉ារបស់ Galaxy S10 Plus 5G នោះទេ យ៉ាងហោចណាស់ក៏ពីរបីខែទៀតយើងនឹងដឹងថា តើកាមេរ៉ារបស់វាដំណើរការយ៉ាងដូចម្តេច ហើយកាមេរ៉ារបស់ Galaxy Note 10 អាចនឹងដូចកាមេរ៉ារបស់ Galaxy S10 Plus 5G ដែរ។ ព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតបានចែករំលែកនៅថ្ងៃនេះអំពី Galaxy Note 10 គឺថាមួយក្នុងចំណោមលេខម៉ូដែលរបស់វាគឺ SM-N975F ។
ជាទូទៅស្មាតហ្វូន Galaxy Note ធម្មតាមានលេខម៉ូដែលបញ្ចប់ដោយ SM-N960 (Note 9), SM-N950 (Note 8, SM-N930 (Note 7) ជាដើម។ វត្តមានរបស់ SM-N975 វាអាចជាលេខម៉ូឌែលរបស់ Galaxy Note 10 ។ កាមេរ៉ាខាងក្រោយបួន និង ប្រព័ន្ធ 5G ក្រៅពីនេះ Samsung Galaxy Note 10 ដំណើរការ Snapdragon 855 មាន RAM រហូតដល់ 12 GB និងមេម៉ូរី 1 TB នៃទំហំផ្ទុកនិង S Pen stylus។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះបានឲ្យដឹងថា Note 10 ស្មាតហ្វូន អាចមានអេក្រង់ទំហំ 6.75 អ៊ីង ដែលជាស៊េរីធំបំផុតមិនធ្លាប់មាននៅក្នុងត្រកូល Note៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena
- Share This Post:






