ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល សម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងហាមប្រើប្រាស់ផលិតផល«ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

    BY Khmernote Media August 16, 2023
    ក្រសួងសុខាភិបាល សម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងហាមប្រើប្រាស់ផលិតផល«ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដី ប្រកាសព័ត៌មានស្តីពី ការបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasone និង Meloxicam ដែលប៉ះពាល់ដល់សុខភាព។

    យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ (ដូចមានរូបផលិតផលភ្ជាប់មកជាមួយ) ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់។

    ក្រសួងសុខាភិបាល នឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» មានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើយកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN)។

    ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃ ក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣៨ ០៦៦ /០១២ ៩៨៣ ៣៣៤ /០១២ ២០៤ ៩៦៥ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay