ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ចុះដោះស្រាយរថយន្តកកស្ទះ នៅផ្លូវជាតិលេខ៧៦ ដោយសារផ្លូវវាងថ្មី មិនអាចចរាចរណ៍បាន ក្រោយភ្លៀងធ្លាក់ជោគជាំ

BY
Khmernote Media
August 17, 2023

ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរពីក្រុងសែនមនោរម្យ ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះត្រង់ចំនុចផ្លូវបាក់ស្រុត អូរងើយ ខណៈផ្លូវវាងថ្មី មិនអាចធ្វើចរាចរណ៍បានក្រោយមានបញ្ហាអាកាសធាតុភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកបានចុះពិនិត្យ និងបញ្ជាដោយផ្ទាល់ ក្រុមគ្រឿងចក្រ ឲ្យឈូសឆាយកាយដីនៅចំនុចបាក់ស្រុតឡើងវិញ ដើម្បីឲ្យរថយន្តខ្នាតតូចលក្ខណៈគ្រួសារ រថយន្ត ទេសចរណ៍ និងរថយន្តដឹកទំនិញខ្នាតតូច អាចធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចៀសវាងការជាប់គាំងរថយន្តអូសបន្លាយពេលវេលា ប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន។

អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា « ដោយសារតែផ្លូវវាងជាប្រភេទដីព្រៃទើបឈូសឆាយថ្មី នៅពេលមានភ្លៀងធ្លាក់បណ្តាលឲ្យបែកភក់ខ្លាំង ទោះប្រើថ្មចាក់ក្រាលជាច្រើនយ៉ាងណា ក៏មិនអាចជួយការធ្វើដំណើរឆ្លងកាត់បានឡើយ។ ដូច្នេះ ដើម្បីសម្រួលបញ្ហាកកស្ទះ មានវិធីតែម៉្យាងគត់ គឺប្រើគ្រឿងចក្រកាយ និងឈូសដី ចំណីផ្លូវកន្លែងបាក់ស្រុត ដាក់ដីថ្មីបង្ហាប់ក្រាលថ្មកិន ទើប ឲ្យរថយន្តតូចៗ ឆ្លងម្តងបួនដប់គ្រឿង មិនអាចប្រជ្រៀតគ្នាបានឡើយ » ។

ឯកឧត្តម ថង សាវុន បានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវនៅប្រចាំការជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ត្បិតនៅពេលនេះបងប្អូនមួយចំនួន ហាក់មិនស្តាប់តាមការណែនាំរបស់ក្រុមការងារ ដែលនៅទីតាំងជួសជុលផ្លូវទេ ព្រោះតែគាត់សម្អាងលើការប្រញ៉ាប់ ចេះតែត្បុលរុលទៅមុខបង្កការរំខានដល់សកម្មភាពក្រុមការងារគ្រឿងចក្រ មិនអាចធ្វើការ របស់ខ្លួនពេញដៃពេញជើង។

ទោះជាយ៉ាងណាអាជ្ញាធរខេត្តមណ្ឌលគិរី មិនអាចបញ្ជាក់អំពីការបើកដំណើរការផ្លូវវាងឬផ្លូវចាស់ដែលខូចខាត នៅពេល ណានោះទេ ដោយសារតែរដូវនេះភ្លៀងធ្លាក់មិនឈប់(តំបន់ព្រៃក្រាស់) រាំងស្ទះការងារគ្រឿងចក្រមិនអាចធ្វើអស់លទ្ធភាព ម៉្យាងគម្រោងថវិការបស់ថ្នាក់ជាតិ ក៏មិនទាន់ច្បាស់១០០% ធ្វើផ្លូវវាងថ្មីទុកប្រើអចិន្ត្រៃយ៍ ឬជុសជុលផ្លូវខូចឡើងវិញ។ ប៉ុន្តែសម្រាប់ ការធ្វើដំណើររបស់បងប្អូនដឹកជញ្ជូនទំនិញ ប្រកបកិច្ចការងារជួញដូររបររកស៊ី ឬទៅបំពេញកិច្ចការងារអ្វីមួយ មិនចាំបាច់ធ្វើ ដំណើរតាមផ្លូវវាងខេត្តរតនគិរី ស្ទឹងត្រែងទេ ព្រោះក្រុមការងារខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានដាក់ប្រចាំជាប់នៅទីនោះ ក្នុងការជួយសម្រួលការធ្វើដំណើររបស់បងប្អូន គ្រាន់តែត្រូវរង់ចាំចេញម្តងម្នាក់ នៅពេលមានភ្លៀងធ្លាក់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

Share This Post: