ព័ត៌មានជាតិ

ស្នងការខេត្តបាត់ដំបង បំភ្លឺករណីផ្អើលថាមានត្រីស៊ីសាច់មនុស្សខាំបុរសម្នាក់ បណ្ដាលឱ្យរបួសជើង នៅស្ទឹងក្រញូង ស្រុកសំឡូត គឺជារឿងមិនពិត

BY
Khmernote Media
August 18, 2023

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ ថាមានសត្វត្រីស៊ីសាច់មនុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។

ឃើញរូបភាព និងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វើការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដើម្បីបញ្ជាក់ពីបញ្ហានេះ។

នៅពេលនេះលោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន ចំរើន អាយុ ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ ជាមួយនេះតាមការពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួសបានបង្ហាញថារបួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រើន តែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ។

ដូច្នេះការផ្សព្វផ្សាយដែលថា បុរសខាងលើមានរបួសជើងដោយសារ(ត្រីស៊ីសាច់មនុស្សខាំ)នោះគឺជារឿងពុំពិតឡើយ ដែលសូមម្ចាស់គណនីធ្វើការកែតម្រូវឡើងវិញ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។ សូមជម្រាបជូនថា នៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សាក្នុងពេលដែលត្រីក្រពត ពងកូន នោះ តែងកើត មានករណីត្រីក្រពតខាំ ចំពោះអ្នកចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែលមានសត្វនេះរស់នៅ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០កន្លងទៅ ក៏ធ្លាប់កើតមានករណីនេះដែរនៅភូមិសាស្រ្តស្រុកសំឡូតមាន របួសដៃនិងជើងផង។

ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: