លួចមិនធម្មតាទេ! បុរស២នាក់ ប្រើម៉ូតូកង់បីទៅលួចកាច់ពោតក្នុងចំការអ្នកដទៃនៅស្រុកភ្នំព្រឹក ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន
- August 18, 2023
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃពុធ ១៥រោច ខែទុតិយាសាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២និង ៣០នាទី នៅចំណុច ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច(កាច់ពោត) កើតឡើង០១លើក បង្កឡើងដោយជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចកាច់ពោត របស់ជនរងគ្រោះឈ្មោះ ម៉ូវ សុផាត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឱ្យបាត់ពោត នៅក្នុងចំការអស់ប្រមាណ០២រ៉ៃដី។
នៅក្រោយពេលដែលដឹងថាបាត់ពោត ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក ហើយផ្តើមពីបញ្ហានេះ លោកអធិការនគរបាលស្រុក វរសេនីយ៍ទោ ហេង បារាំង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការស្រាវជ្រាវ ដោយអនុត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ រួមជាមួយជនរងគ្រោះផង បានស្វែងរកអ្នកលួចនេះរហូតដល់វេលាថ្ងៃដដែលបានរកឃើញ ម៉ូតូកងបីម៉ាកWave ពណ៌ខៀវចំនួន ០១គ្រឿង ពាក់ស្លាកលេខបាត់ដំបង 1E-9177 មានដឹកផ្លែពោតចំនួន ០២ កំណាត់ការ៉ុង(៤៤០ផ្លែ) នៅក្នុងដីចំការរបស់ជនរងគ្រោះ។
សមត្ថកិច្ចបានយកមករក្សាទុក នៅកន្លែងអធិការដ្ឋានជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលោម៉ោង ១៣និង៣០នាទី បានស្វែងរកម្ចាស់ម៉ូតូនេះឃើញនិងនាំខ្លួនមកធ្វើការសាកសួរនោះគឺឈ្មោះ ឡុង កុម្ភៈ ហៅខែ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ជឿន ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ទាំង២នាក់ មានទីលំនៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ពេលធ្វើការសាកសួរពួកគាត់ឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់ម៉ូតូកង់បីនេះទៅលួចកាច់ពោតគេនៅក្នុងចំការ ប៉ុន្តែពេលកំពុងកាច់បានមួយចំនួនហើយនោះ ម្ចាស់គេដឹងក៏នាំគ្នារត់ចោលម៉ូតូតែម្តង។ ពេលនេះនគរបាលស្រុកបសនរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕


- Share This Post:






