ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង លើកឡើងថា ក្រសួងមហាផ្ទៃជាស្ថាប័នដ៏សំខាន់មួយ ដែលត្រូវរ៉ាប់រងការងារនានាជាច្រើន

BY
Khmernote Media
August 18, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងមហាផ្ទៃគឺជាស្ថាប័នដ៏សំខាន់មួយដែលត្រូវរ៉ាប់រងការងារនានាជាច្រើន ទាំងការ​ងារ​សន្ដិសុខ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងអត្ដសញ្ញាណ​កម្ម។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេច​​ក្រឡាហោម ស ខេង បានប្រកាសសូមការយោគយល់អធ្យាស្រ័យ ប្រសិនបើ​សម្ដេច មានការឆ្គាំឆ្គង លើសលួស ខ្វះខាតកន្លែងណាមួយ ដោយអចេតនា ក្នុងការដឹក​នាំក្រសួងមហាផ្ទៃ រយៈពេល ៣០ឆ្នាំកន្លងមកនេះ។ សម្តេចក្រឡាហោមបានថ្លែងថា ក្នុង​រយៈពេលជាង ៣០ឆ្នាំ មន្ដ្រីទាំងអស់បានរួមគ្នាកសាងស្ថាប័នក្រសួងមហាផ្ទៃ ឱ្យក្លាយ​ទៅ​ជា​ស្ថាប័នមួយដ៏រឹងមាំ ដែលអាចរ៉ាប់រងអនុវត្តន៍​សម្រេចបាននូវសមិទ្ធផលនានា​ជាច្រើន​ជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានគាំទ្រចំពោះការគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ដែល​ក្រសួង​មហាផ្ទៃ​សម្រេចបាន ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ហើយសមិទ្ធផល និង​ស្នាដៃ​ក្រសួងមហាផ្ទៃ សម្រេចបានកន្លងមកនេះ មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ជោគជ័យនៃសមិទ្ធផលទាំងនេះ គឺកើតឡើងដោយមានការចូល​រួម​គ្រប់​ភាគីពាក់ព័ន្ធ។ សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រី​គ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូល​រួម​បំពេញ​តួនាទី របស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ថ្លែងបញ្ជាក់ថា៖ «ខ្ញុំ ក៏សូមការយោគយល់ អធ្យា​ស្រ័យ​ពីសំណាក់ ឯកឧត្តម-លោកជំទាវ អស់លោក-លោកស្រី ទាំងអស់ ប្រសិនបើរូបខ្ញុំ មាន​ការឆ្គាំឆ្គង លើសលួស ខ្វះខាតណាមួយ ដោយអចេតនា ក្នុងការដឹកនាំ ឬគ្រប់គ្រង​ក្រសួង​មហាផ្ទៃ ក្នុងពេល ៣០ឆ្នាំកន្លងមកនេះ»។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់​បន្ថែមថា ក្រសួងមហាផ្ទៃ គឺជាស្ថាប័នដ៏សំខាន់មួយ ដែលត្រូវរ៉ាប់រងការងារនានាជាច្រើន ទាំងការងារសន្ដិសុខ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងអត្ដសញ្ញាណ​កម្ម និងការចុះបញ្ជីប្រជាពលរដ្ឋ និងការគ្រប់គ្រងជនបរទេស ការងារពន្ធនាគារ ការចុះ​បញ្ជី​គណបក្សនយោបាយ សមាគម អង្កការមិនមែនរដ្ឋាភិបាល ដែលការងារទាំងនេះ មាន​ការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងបរិយាកាស ការអភិវឌ្ឍសង្គមទាំងមូលផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: