ព័ត៌មានជាតិ

អង្គការមិនមែនរដ្ឋាភិបាល ស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០រៀលក្នុងបារីមួយកញ្ចប់ ដើម្បីកាត់បន្ថយចំនួនអ្នកបាត់បង់ជីវិត ដោយសារជក់បារី

BY
Khmernote Media
August 18, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមឆានែលតេឡេក្រាមផ្លូវការរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាលគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃបន្ថែម និងស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ ដើម្បីកាត់បន្ថយចំនួនអ្នកបាត់បង់ជីវិតដោយសារការជក់បារីនៅកម្ពុជា។

យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យ៖ តម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ បង្ការអ្នកបាត់បង់ជីវិត ១០ ០០០នាក់ ក្នុងរយៈពេល១០ទៅ ១៥ឆ្នាំបន្ទាប់ កើនប្រាក់ចំណូលពន្ធរដ្ឋជាង ៥៣លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។

តាមរបាយការណ៍ស្រាវជ្រាវ Seatca Tobacco Tax Index 2021 បានបង្ហាញថា កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥% សម្រាប់បារីក្នុងស្រុក និង ៣១,១០ សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ ខណៈប្រទេសថៃយកពន្ធរហូតដល់ ៧៨,៦% និងប្រទេសហ្វីលិពីនយកពន្ធ ៧១,៣២%។

សូមបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយការដំឡើងពន្ធនេះ នឹងជួយឱ្យអត្រាអ្នកជក់បារីថយចុះ និងបង្ការអ្នកបាត់បង់ជីវិតដោយសារការប្រើប្រាស់ថ្នាំជក់។ នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣%នៃអ្នកបាត់បង់ជីវិតទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត ៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

Share This Post: