អ្នកបើកផាស់អាប់ ដែលប៉ុនប៉ងប្រើហិ.ង្សាលើពលរដ្ឋនៅតាមផ្លូវ និងបើកបញ្ច្រាសផ្លូវ ត្រូវតុលាការឃុំខ្លួនហើយ
- August 19, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ បានចេញដីកាបបង្គាប់ឱ្យខ្លួនអ្នកបើកកង់បីដែលជិះបញ្ច្រាស ហើយមានបំណងបង្កហិង្សាប្រើដែកទីប ចង់វាយទៅលើពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន។

នេះបើយោងតាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែ ឃីម ហៅ វ័នឌី អាយុ៤៧ឆ្នាំ ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» តាមបញ្ញាត្តិមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចមុខស្ថានទូតជប៉ុន មហាវិថីព្រះនរោត្តម ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បុរសអ្នកបើកកង់បីរូបនេះ បានបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង។ ក្រោយកើតហេតុ ស្នងការនគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការតែម្តង៕






ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






