ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់ថែរក្សាទឹកនៅក្នុងស្រែឱ្យបានល្អ ខណៈនៅខែកញ្ញាខាងមុខនឹងកើនកម្ដៅខ្លាំង

BY
Khmernote Media
August 21, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​​​​​​​​​ឱ្យដឹងថា រដ្ឋលេខាធិការក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យយកចិត្តទុកដាក់ថែរក្សាទឹកដែលមាននៅក្នុងស្រែឱ្យបានល្អ ខណៈដែលនៅខែកញ្ញាខាងមុខនឹងមានការឡើងកម្ដៅខ្លាំង។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ទាក់ទងទៅនឹងស្ថានភាពអាកាសធាតុ ចាប់តាំងពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣ ពិនិត្យឃើញថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសគឺរបាយទឹកភ្លៀងបានធ្លាក់ចុះទាប លើកលែងតែតំបន់ជួរភ្នំក្រវាញនៅក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបងមួយផ្នែក គឺនៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើនបង្គួរ។

ក្រៅពីនោះ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្ទើរតែពុំមានភ្លៀងធ្លាក់ទេ ដូច្នេះពិនិត្យឃើញថា ក្នុងសប្ដាហ៍កន្លងទៅ មានជំនន់ស្ទឹងព្រែកត្នោត ក៏ដូចជាជំនន់ស្ទឹងសង្កែរបស់ខេត្តបាត់ដំបង ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ដោយសារការធ្លាក់ភ្លៀងច្រើនជោគជាំ នៅតំបន់ជួរភ្នំដែលជាផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងទាំងពីរនេះ ។ ឯតំបន់ផ្សេងៗទៀតគឺក្នុងរយៈពេលពីរសប្ដាហ៍ ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ស្ទើរតែពុំមានភ្លៀងធ្លាក់ទេ ហើយរហូតចាប់ពីថ្ងៃទី១៥ ឃើញថា របាយទឹកភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយ រាំងវិញ ហើយស្ថានភាពបែបនេះ អាចមានបន្តរហូតដល់អំឡុងចុងខែសីហា ។

ឯកឧត្តម បានបន្តទៀតថា បើទោះបីជា យោងតាមការព្យាករណ៍ឃើញថារបាយណ៍ទឹកភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្នុងសប្ដាហ៍នេះ ក៏ដូចជាសប្ដាហ៍ក្រោយក្ដី ក្រសួង ក៏នៅតែអំពាវនាវដល់កសិកររក្សាទឹកទុក ដោយសារមួយរយៈចុងក្រោយនេះ ទាំងកម្ពុជានិងបណ្តាប្រទេសដទៃទៀត ទទួលរងនៅឥទ្ធិពលពីបាតុភូត អែលនីញ៉ូ ដែលបាតុភូតនេះបានធ្វើឱ្យរបាយទឹកភ្លៀងមានភាពរអាក់រអួលខុសពីប្រក្រតី ។

សំឡេង៖ « ឆ្លៀតក្នុងឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យយកចិត្តទុកដាក់ថែរក្សាទឹក ដែលមាននៅក្នុងស្រែនាពេលបច្ចុប្បន្ននេះឱ្យបានល្អ ព្រោះថានៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀត បាននិងកំពុងទទួលរងនូវឥទ្ធិពលពីបាតុភូត អែលនីញ៉ូ ហើយបាតុភូតនេះបានធ្វើឱ្យរបាយទឹកភ្លៀង មិនថានៅក្នុងតែប្រទេសយើងទេ បណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ ក៏ដូចជាផ្នែកខ្លះនៅលើពិភពលោក ទទួលរបាយទឹកភ្លៀងមានភាពរអាក់រអួលខុសពីប្រក្រតី ហើយរលកកម្ដៅក៏ កំពុងតែបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើបណ្ដាប្រទេសមួយចំនួន ដោយយើងឃើញចាប់ផ្តើមពីទ្វីបអាមេរិកខាងជើង ដូចជានៅកាណាដាហើយផ្នែកខ្លះនៃរដ្ឋ ដែលស្ថិតនៅភាគខាងជើងសហរដ្ឋអាមេរិក រលកកម្ដៅកំពុងវាយប្រហារនៅតាមបណ្ដាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ជាពិសេសនៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក រហូតបង្កឲ្យមានភ្លើងឆេះព្រៃនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ផ្ទះសំបែង ក៏ដូចជាអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ» ។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងក៏ដូចជាមន្ទីរធនធានទឹកនិងឧតុនិយមនៃបណ្ដាខេត្ត ដែលមានផ្ទៃដីប្រឈមនោះកំពុងធ្វើការអន្តរាគមន៍ឱ្យមានប្រភពទឹកគ្រប់គ្រាន់ ហើយទោះបីជាកន្លែងខ្លះនៅឆ្ងាយពីប្រភពទឹក ក៏ក្រុមការងារត្រូវបញ្ជូនទឹកក្នុងរង្វង់ប្រមាណពី៥០ទៅ៦០គីឡូម៉ែត្រ ដើម្បីជួយដល់ប្រជាកសិករក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សានេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: