មកស្គាល់ប្រវត្ដិរបស់ឯកឧត្ដម ហេង សួរ មុនក្លាយជារដ្ឋមន្ត្រីក្រសួងការងារ បានឆ្លងកាត់ការងារតាំងពីកូនមន្ត្រីថ្នាក់តូច
- August 22, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម ហេង សួរ ត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ ដែលជាទូទៅ ភាគីទាំងពីរ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។

តំណែងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានា ហើយនៅកម្ពុជាក៏ដូចគ្នាដែរ។ ដូច្នេះ តើឯកឧត្ដម ហេង សួរ ជាអ្នកណាដែលអង្គុយនៅលើកៅអីក្តៅមួយនេះ? មុននឹងឈានចូលមកដឹងអំពីប្រវត្ដិលម្អិតរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ សូមអាននូវប្រវត្តិគ្រួសាររបស់ឯកឧត្ដមជាមុនសិន។
ឯកឧត្ដម ហេង សួរ ជាកូនអ្នករស់នៅទីក្រុងភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតា ឯកឧត្ដមគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ ដែលភាគច្រើនជាពាណិជ្ជករ។ ក្នុងឯកសារផ្លូវការ ឯកឧត្ដមកើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ ឯកឧត្ដមគឺជាឪពុក ដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាឯកឧត្ដម គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើផ្នែកសណ្ឋាគារ និងអចលនទ្រព្យ។ ម្តាយរបស់ឯកឧត្ដមនៅបន្តមរតកជាអ្នកមើលថែកូនចៅពីឪពុក និងគ្រប់គ្រងចំណូលអចលនទ្រព្យ ដែលស្វាមីបន្សល់ទុក។
ពាក់ព័ន្ធនឹងជីវិតការងារវិញ ចាប់ផ្តើមចេញពីអ្នកតូចតាច ដែលតាមពិតឥស្សរជននយោបាយសប្បុរស សក់ត្រង់ស្លូត ដែលកំពុងអង្គុយក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។
បើតាមឯកសារបានឱ្យដឹងថា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៩ និងបានប្រឡងជាប់ជាមន្ត្រីពន្ធដារវគ្គដំបូងបង្អស់នៅដើមឆ្នាំ២០០០។ នៅឆ្នាំ២០០៤ ក្នុងខណៈដែលឯកឧត្ដមកំពុងសិក្សាថ្នាក់ បណ្ឌិតនៅប្រទេសជប៉ុន ឯកឧត្ដមក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាតួនាទីជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបង្កើតថ្មី ហើយបានតម្រូវឱ្យឯកឧត្ដមត្រូវបង្ខំចិត្តបោះបង់សិក្សាថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិចោល។
ជាមួយគ្នានេះ នៅឆ្នាំ២០០៨ ក្រោយកាន់តំណែងបាន៤ឆ្នាំ ឯកឧត្ដមត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងការងារក្នុងសម័យកាលឯកឧត្ដម អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាបន្តបន្ទាប់ទៀតមក ឯកឧត្ដម ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៅឆ្នាំ២០១៧ ហើយឯកឧត្ដមក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០១៨ រហូតដល់បញ្ចប់នីតិកាលទី៦ មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងអាណត្តិទី៧នេះ។
បើយោងតាមឯកសារទាក់ទងនឹងប្រវត្តិនៃការសិក្សាបានឱ្យដឹងថា ឯកឧត្ដម ហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូង នៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ ឯកឧត្ដម ជានិស្សិតបានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ឯកឧត្ដមរដ្ឋមន្ត្រីរូបនេះ ក៏ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុនផ្នែកគោលនយោបាយពន្ធដារក្នុងឆ្នាំ២០០០-២០០២ ហើយបន្តការសិក្សាថ្នាក់បណ្ឌិតពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត ប៉ុន្តែត្រូវបង្ខំចិត្តបោះបង់ចោលនៅឆ្នាំ២០០៤ ព្រោះត្រូវមកទទួលតំណែងក្នុងប្រទេសកំណើតវិញ។ នេះបើតាមការបញ្ជាក់ពីមិត្តភក្តិដែលធ្លាប់សិក្សានៅជប៉ុនជាមួយគ្នា។
ទាក់ទងនឹងកិច្ចការងារក្នុងជួររាជដ្ឋាភិបាល និងកិច្ចការគណបក្សវិញ គឺនៅមុនការតែងតាំងជារដ្ឋមន្ត្រី ឯកឧត្ដម ហេង សួរ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមុនមកម្ល៉េះ។ ឯកឧត្ដម គឺជាជំនួយការសម្តេចតេជោ ហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ ជាដើម។ ដោយឡែកការងារនយោបាយក្នុងបក្សវិញ ឯកឧត្ដមមានតួនាទីចំនួន ១២ ផ្សេងគ្នាដូចជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្ស ប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុ ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ថៃ ម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម។

តែទោះបីយ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី អ្នកកាន់តំណែងកៅអីកំពូលៗរបស់រាជរដ្ឋាភិបាលគេសង្កេតឃើញអ្នកកាន់តំណែងមានប្រភពចេញពីកូនរាស្ត្រសាមញ្ញមានទាំងអ្នកអតីតក្មេងវត្តផងដែរ៕

- Share This Post: