អាកាសធាតុនៅកម្ពុជាអាចហក់ឡើងដល់ជាង៤០អង្សារខាងមុខនេះ ក្រសួងចាត់វិធានការចំនួន៤ចំនុច ដើម្បីជួយសម្រួលបញ្ហា
- February 27, 2019
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ដីពីវិធានកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត បានឲ្យដឹងថា នៅដើមឆ្នាំ ២០១៩ នេះព្រះរាជាណាចក្រកម្ពុជានឹងរងទទួល (ដោយប្រយោល) ពីឥទ្ធិពលបាតុភូតអែលនី (El Nino) ។ ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជានារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និង ខែឧសភា) មានសភាពក្ដៅហួតហែងខ្លាំង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ ៤២ អង្សារសេ។ ការកើនឡើងកំដៅនេះនឹងធ្វើឲ្យមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្ស និង សត្វ ។ ដើម្បីកាត់បន្ថយការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញវិធានការ ៤ ចំណុច សម្រាប់ប្រធាននាយកដ្ឋានជំនាញ និង ប្រធានមន្ទីររាជធានី ខេត្ត ដែលស្ថិតនៅក្រោមឱវាទក្រសួងត្រូវអនុវត្តដូចខាងក្រោមនេះ ៖
១.ត្រូវចុះពិនិត្យមើល អណ្តូង ស្រះទឹក និង រកវិធីដោះស្រាយជាបន្ទាន់នៅពេល អណ្តូង (ខូច) និងស្រះទឹក (រីងស្ងួត) ។
២.ត្រូវធ្វើការណែនាំ និង អប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះ ដោយសារខ្វះខាតទឹកឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃ ។
៣.ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និង អន្តរជាតិដើម្បីឆ្លើយតបភ្លាមៗ ដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ។
៤. ត្រូវធ្វើរបាយការណ៍ និង រាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់ ៕

អត្ថបទ៖ សេម
- Share This Post:






