ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ទន្ទឹងរង់ចាំធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជា
- August 25, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ណារិនដ្រា ម៉ូដី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ដូច្នេះនៅក្នុងបណ្តាញសង្គមអ៊ិច (X) កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ។ បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានសម្តែងការអបអរសាទរសម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការផងដែរ។
ចំណែក ឯកឧត្តម José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បានមានប្រសាសន៍កោតសរសើរអំពីទស្សនវិស័យដឹកនាំ និងបទពិសោធន៍យោធា ក្នុងឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងទ័ពជើងគោក របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងនាំមកនូវការអភិវឌ្ឍ និងសមិទ្ធិផលបន្ថែមទៀតដល់ប្រទេសកម្ពុជា។
មេដឹកនាំពិភពលោកជាច្រើនរូប ជាពិសេសមេដឹកនាំនៃប្រទេសបង់ក្លាដែស បេឡារុស ព្រុយណេ ចិន គុយបា ហ្គាណា ហុងគ្រី ជប៉ុន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សាធារណរដ្ឋកូរ៉េ ម៉ាល់ឌីវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ទុយនេស៊ី វៀតណាម ។ល។ ក៏ដូចជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានផ្ញើសារអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






