ស្អែកនេះ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត នឹងចុះរុះរើការតាំងទំនិញលក់ដូរគ្រប់ប្រភេទ និងកាត់សំយាបដែលសង់មកលើចំណីផ្លូវសាធារណៈ
- August 28, 2023
ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីក្រើនរំលឹកឱ្យជ្រាបថា នៅថ្ងៃស្អែក ថ្ងៃទី២៩ ខែសីហានេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង នឹងចុះធ្វើការរុះរើ និងកាត់សំយាបដែលសង់មកលើចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុង និងសង្កាត់ ធ្លាប់បានចេញសេចក្តីជូនដំណឹង និងចុះបាញ់ថ្នាំរួចមកហើយ។ សូមបងប្អូនប្រជាពលរដ្ឋជ្រាបនិងចូលរួមស្វ័យរុះរើដោយស្ម័គ្រចិត្តទាំងអស់គ្នាជាមុន ដើម្បីលើកសោភ័ណភាពទីក្រុងយើង។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប រុះរើការតាំងទំនិញលក់ដូរគ្រប់ប្រភេទ នៅលើចំណីផ្លូវសាធារណៈ និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការធ្វើការរុះរើ កាត់សំយាបដោយស្ម័គ្រចិត្ត។
ចំពោះការកាត់សំយាប រុះរើ ៖
– ផ្លូវជាតិលេខ៥ សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៥ម៉ែត្រ យ៉ាងតិច
– ផ្លូវក្នុងទីប្រជុំជន សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៣ម៉ែត្រ ទៅ៥ម៉ែត្រ យ៉ាងតិច
រដ្ឋបាល ក្រុង សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឲ្យបានគ្រប់ៗ ៕





ប្រភព៖ រដ្ឋបាលក្រុងប៉ោយប៉ែត
- Share This Post:






