ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើឲ្យពិចារណាធ្វើប័ណ្ណបើកបរម៉ូតូចាប់ពីកម្លាំង៦០សេសេឡើងទៅ

BY
Khmernote Media
August 29, 2023

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សាទិដ្ឋភាពច្បាប់ ដើម្បីតម្រូវឲ្យអ្នកបើកបរម៉ូតូចាប់ពីកម្លាំង ៦០សេសេឡើង ត្រូវតែមានប័ណ្ណបើកបរ ហើយការតម្រូវបែបនេះ ធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឧបនាយករដ្ឋមន្ដ្រី ស សុខា ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ នាទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះម៉ូតូកម្លាំង១២០សេសេ មិនចាំបាច់មានប័ណ្ណបើកបរទេ ប៉ុន្ដែអនាគតខ្ញុំគិតថាគួរតែមាន។ ព្រោះម៉ូតូកម្លាំង១២០សេសេមែន ប៉ុន្ដែកុងទ័រខ្លះ១២០-១៣០ បើយើងបើកត្រឹម៨០-៩០ បុកគោ បុកក្របី ក៏អាចមានគ្រោះថ្នាក់ដែរ អញ្ចឹងហើយនេះជាការគិតគូរបន្ថែមទៀត ជាវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត អាចត្រឹមក្រោម៦០សេសេមិនចាំបាច់មានទេ ប៉ុន្ដែ៦០សេសេឡើង ត្រូវមានប័ណ្ណបើកបរ»

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ត្រូវសិក្សាទិដ្ឋភាពច្បាប់ និងរកអំណេះអំណាង ដើម្បីជជែកពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតួអង្គសំខាន់ក្នុងការរៀបចំការងារនេះ។

បច្ចុប្បន្ននេះ អ្នកបើកបរម៉ូតូនៅក្នុងប្រទេសកម្ពុជា កម្លាំងក្រោម១២៥សេសេ មិនតម្រូវឲ្យមានប័ណ្ណបើកបរនោះទេ ពោលចាប់ពីកម្លាំង១២៦សេសេឡើងទៅ គឺតម្រូវឲ្យមានប័ណ្ណបើកបរប្រភេទ «ក»៕

ប្រភព៖​ freshnews

Share This Post: