ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា បន្តិចទៀតនឹងបង្កើតឱ្យមានអ្នកសរសេរប្រវត្តិសាស្រ្ត ដើម្បីរក្សានូវអ្វីដែលយើងមាន
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បន្តិចទៀតនឹងបង្កើតឱ្យមានអ្នកសរសេរចងក្រងពីប្រវត្តិសាស្រ្តរបស់កម្ពជា។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ « ខ្ញុំបាននិយាយជាមួយលោកជំទាវ ភឿង សកុណា បន្តិចទៀតត្រូវបង្កើតអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ព្រោះបើយើងមិនសរសេរប្រវត្តិសាស្រ្ត ប្រទេសផ្សេងគេសរសេរប្រវត្តិសាស្រ្ត ប្រយ័ត្នប្រវត្តិសាស្រ្ត ១០០ឆ្នាំទៀតគេថា អ្នកឈ្នះសរសេរប្រវត្តិសាស្រ្ត។ ប្រទេសមួយចំនួនសរសេររឿងព្រំដែន វាអត់ច្បាស់ ឧទាហរណ៍យើងពីដើម ដូចប្រទេសអឺរ៉ុប មានភាពច្របូកច្របល់ ប្រទេសមួយគ្រប់ដណ្ដប់ប្រទេសមួយៗ ចឹងពេលដែលគាត់សរសេរគឺ គាត់សរសេរតែពេលគាត់គ្របដណ្ដប់គេហ្នឹងឯង ហើយទីបំផុត យូរៗទៅគេគិតថា អតីតកាលគឺកន្លែងហ្នឹង ហើយសៀវភៅយើងបើវាយទៅស្រាវជ្រាវក្រៅប្រទេស កាលខ្ញុំនៅរៀន ខ្ញុំស្រាវជ្រាវរឿងខ្មែរ មើលទៅសរសេរដោយបារាំង តែសរសេរដោយខ្មែរយើងអត់សូវមាន ចឹងខ្ញុំជម្រុញ និងលើកទឹកចិត្តចំពោះរឿងហ្នឹង ប៉ុន្តែអាហ្នឹងវាស្របជាមួយនឹងរឿងស្រាវជ្រាវដើម្បីរក្សានូវអ្វីដែលជារបស់យើងអ្នកបង្កើត»៕



អត្ថបទ៖ លីនី