ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា «ការសិក្សាធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានកម្លាំងចាប់ពី៦០សេសេ» នោះ គឺគ្រាន់តែជាការសិក្សាសម្រាប់អាចអនុវត្តនាពេលអនាគតប៉ុណ្ណោះ

BY
Khmernote Media
August 29, 2023

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបញ្ជាក់ព័ត៌មាន លើអនុសាសន៍របស់ អភិសន្តិបណ្ឌិត ស សុខា ដែលថា «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០សេសេ» នោះ គឺគ្រាន់តែជាការសិក្សាសម្រាប់អាចអនុវត្ត នាពេលអនាគតប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានសេចក្តីសោមនស្សរីករាយ សូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបច្បាស់ ចំពោះអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ជូន ឯកឧត្តម អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួង មហាផ្ទៃ ។

ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ៖

១.សិក្សាសម្រាប់អនាគត៖ ជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត

-ទី១៖លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ ។

-ទី២៖ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ ។

-ទី៣៖ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី“60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណ បើកបរនោះទេ ពោលគឺ ត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្តែង៕

សូមអានលិខិតរបស់ ក្រសួងមហាផ្ទៃ លម្អិតដូចខាងក្រោម៖

Share This Post: