សង្គម

ស្ពានជ្រោយចង្វារទី១ ជួសជុលលឿនជាងការគ្រោងទុក នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះ

BY
Khmernote Media
February 28, 2019

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថា ស្ពាននេះអាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ជាលទ្ធផល គម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧ ភាគរយ លឿនជាងការគ្រោងទុកចំនួន១១ ភាគរយ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្តបញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យដំណើរការក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានកសាងនៅឆ្នាំ១៩៦៣ ហើយមកទល់នឹងបច្ចុប្បន្ននេះមានអាយុកាលជាង៥០ឆ្នាំមកហើយ។ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានជួសជុលចំនួន២លើក ដោយលើកទី១ នៅឆ្នាំ១៩៩២ ក្រោយរងការខូចខាតនៅក្នុងសម័យសង្គ្រោមស៊ីវិលក្នុងឆ្នាំ១៩៧០ ហើយលើកទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ គម្រោងនេះជាហិរញ្ញបទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

អត្ថបទ៖ សេម

Share This Post: