ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២នាក់ ដែលបង្ហោះម៉ូតូនៅតាមផ្លូវសារធារណៈ បង្កសំឡេងរំខាន នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក យកមកអប់រំ

BY
Khmernote Media
September 4, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១៖៣៥នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនមនុស្ស០២នាក់ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៦១កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២៦១កែងនឹងផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។

ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអានាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់រំកុំឲ្យមានលើកក្រោយទៀត។

ជនទាំង០២នាក់មាន៖
១-ឈ្មោះ ប៉ែន សុគា ហៅ ហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវBT៧៧ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
២-ឈ្មោះ ហន ទិត្យច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៦៦ ផ្លូវលេខ៦២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

សម្ភារចាប់យកមាន៖
-ម៉ូតូមាក់ Suzuki Nex ពណ៌ ស ខៀវ ពាក់ស្លាកលេខ បាត់ដំបង 1AI.8003 ។
-បច្ចុប្បន្ន៖ ជនទាំងពីរនាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក

Share This Post: