ព័ត៌មានជាតិ

សូមប្រយ័ត្ន! ក្រុមការងារទំនប់វារីអគ្គិសនីកំចាយ នឹងបើកទ្វារទឹកចំនួនមួយ ដើម្បីរំដោះទឹកចេញពីទំនប់ ដែលនឹងធ្វើឱ្យទឹកព្រែកមានកម្ពស់កើនឡើងខ្ពស់

BY
Khmernote Media
September 4, 2023

ខេត្តកំពត៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកទំនប់វារីអគ្គិសនីកំចាយ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ដោយឡែកនៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់មានកម្ពស់ ១៤៧.៩៥ ម៉ែត្រ ហើយទឹកហូរចូលអាងទំនប់មានចំនួន ៧៥៨.៣ ម៣/វិនាទី។ ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ នៅល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលា ១៧:០០នាទី ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមាន កម្ពស់លើសពីធម្មតា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

Share This Post: