ប្រៃសណីយ៍កម្ពុជា ប្រកាសលក់អីវ៉ាន់ឡៃឡុងដែលម្ចាស់មិនមកទទួល ដើម្បីយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
- September 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ប្រៃសណីយ៍កម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជន ឬ ក្រុមហ៊ុន ជ្រាបថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជាមានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬ អ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើមវិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១។

ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះមានសម្ភារៈមួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍ កម្ពុជានឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ ប្រសិនបើសាធារណៈជន ឬ ក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះនៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ឬ តាមរយៈតេលេក្រាមលេខ ០៩២ ៦៧០ ១១៨ ឬ ០១០ ៩៤១ ១១៨ ៕

ប្រភព៖ ប្រៃសណីយ៍កម្ពុជា
- Share This Post:






