ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យបញ្ឈប់ការផ្តល់ចំណីទៅសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីភ្ញៀវទេសចរបរទេសម្នាក់រងរបួស ដោយសារសត្វស្វាខាំ

BY
Khmernote Media
September 7, 2023

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជនទាំងអស់ សូមបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរបន្តទៀត ដោយកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ សត្វស្វាបានខាំភ្ញៀវទេសចរជនជាតិអាមេរិក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ដែលបណ្ដាលឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ ពេលបុរសរូបនោះកំពុងដើរទស្សនានៅតំបន់ប្រាសាទបាយ័ន។

ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបន្ទាន់ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំងនៅមន្ទីរពេទ្យដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។

សូមបញ្ជាក់ផងដែរ ករណីនេះក៏ធ្លាប់បានកើតឡើងជាច្រើនលើកផងដែរ ដោយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារភ្នាក់ទេសចរ ក៏បានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។

ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរនេះផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: