អាជ្ញាធររាជធានីភ្នំពេញ ចុះដកហូតម៉ូតូចំនួន ២៦២គ្រឿង ដែលមានឯកសារទទួលបញ្ចាំត្រឹមត្រូវ ជូនទៅម្ចាស់អាជីវកម្មវិញ
- September 7, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលត្រូវបានឃ្លុំបេកន្លងមក ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដើម្បីដកហូតម៉ូតូចំនួន២៦២គ្រឿង ដែលមានឯកសារគ្រប់គ្រាន់ ប្រគល់ជូនទៅម្ចាស់អាជីវកម្មវិញ។

នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ឃ្លាំង ហួត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំរួមជាមួយក្រុមការងារសាលារាជធានីភ្នំពេញ ខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ស្នងការរងរាជធានីភ្នំពេញ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក ដោយមានការចូលរួមពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងសមាសភាពពាក់ព័ន្ធដទៃទៀត បានចុះមកប្រគល់ម៉ូតូមានឯកសារគ្រប់គ្រាន់ដែលកន្លងមកម្ចាស់បានយកដាក់បញ្ចាំស្របច្បាប់ ចំនួន២៦២គ្រឿងជូនទៅម្ចាស់អាជីវកម្មវិញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក។ »
លោក ឃ្លាំង ហួត បានបន្តទៀតថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបានដាក់បញ្ចាំស្របច្បាប់ក្ដី ឬជនរងគ្រោះដែលបាត់ម៉ូតូក្ដី មេត្តារុះរាន់មកដាក់ពាក្យបណ្ដឹងស្នេីសុំម៉ូតូបន្ថែម តាមរយៈការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីឆាប់បានក្រុមការងារបន្តនីតិវិធីលើម៉ូតូដែលសេសសល់ផ្សេងទៀត» ៕






ប្រភព៖ ឃ្លាំង ហួត Khliang Huot
- Share This Post:






