Facebook នឹងប្តឹងបុគ្គល ៣នាក់ និងក្រុមហ៊ុនចំនួន ៤ ជុំវិញករណីអាជីវកម្ម Likes, Followers ក្លែងក្លាយ
Facebook និង Instagram បានប្តឹងបុគ្គល ៣នាក់ និងក្រុមហ៊ុនចំនួន ៤ ដែលមានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន ដោយចោទប្រកាន់ថា ពួកគេបានផ្សព្វផ្សាយការលក់ Likes, Followers និងគណនី ក្លែងក្លាយនៅលើគេហទំព័រទាំង ២ ។ ពាក្យបណ្តឹងដែលបានដាក់នៅក្នុងតុលាការសហព័ន្ធអាមេរិកបានចោទប្រកាន់ថា រឿងនេះក៏បានកើតឡើងលើអ្នកផ្តល់សេវាកម្មអនឡាញផ្សេងទៀតដូចជា៖ Google, Apple, Amazon, LinkedIn និង Twitter ផងដែរ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងអនុវត្តសិទ្ធិរបស់ខ្លួននៅក្រោមច្បាប់កម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក «ចំពោះការប្រើប្រាស់ ម៉ាក និងយីហោ របស់យើងដោយខុសច្បាប់» ។ តាមរយៈការដាក់ពាក្យប្តឹង Facebook សង្ឃឹមថា សកម្មភាពក្លែងបន្លំបែបនេះនឹងមិនត្រូវបានអនុគ្រោះឡើយ ហើយពួកគេនឹងចាត់វិធានការដើម្បីការពារសុចរិតភាពនៃ platform របស់ពួកគេ។
ពាក្យបណ្តឹងនេះបានស្នើសុំឱ្យតុលាការរារាំងមនុស្ស និងក្រុមហ៊ុន ទាំងនេះពីសកម្មភាពពិសេសចំនួន ៣ នៅលើ Instagram និង Facebook ដូចជា៖
– Cyber squatting ៖ ការអនុវត្តនៃការប្រើឈ្មោះដែន (domain names) ជាមួយ Facebook ដើម្បីប្រតិបត្តិគេហទំព័ររបស់ខ្លួន
– បង្កើតឱ្យមានចំនួន Likes Followers និងគណនីក្លែងក្លាយ នៅលើបណ្ដាញសង្គមទាំង ២
– ការរំលោភបំពានលើពាណិជ្ជសញ្ញា Facebook ៕


អត្ថបទ៖ លីដា
ប្រភព៖ globalnews