Grab នៅសឹង្ហបុរីអនុវត្តគោលការណ៍ថ្មី នឹងត្រូវពិន័យអ្នកជិះណា ដែលលុបចោលការកក់ក្នុងអំឡុងពេលនេះ
អ្នកប្រើប្រាស់សេវាកម្ម Grab ទាំងអស់នឹងត្រូវពិន័យជាទឹកប្រាក់ ៤ដុល្លារសឹង្ហបុរី (ប្រហែល ៣ដុល្លារអាមេរិក) ចាប់ពីថ្ងៃ ចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ តទៅ សម្រាប់រាល់ការលុបចោលការជិះរបស់ពួកគេ (៥នាទីបន្ទាប់ពីការកក់)។ ហើយសម្រាប់សេវាកម្មចែកចាយការជិះ GrabShare ក៏នឹងធ្វើការពិន័យលោកអ្នក ៤ដុល្លារសឹង្ហបុរី ដូចគ្នាប្រសិនបើលោកអ្នកលុបចោលការកក់វិញរយៈពេល ៣នាទី បន្ទាប់។
Grab ក៏បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យថា៖ «យើងជឿជាក់ថា ការ Update នេះនឹងធ្វើឱ្យការលុបចោលមានភាពយុត្តិធម៌សម្រាប់អ្នករាល់គ្នា»។ បច្ចុប្បន្ននេះអ្នកប្រើប្រាស់ Grab ត្រូវបានគេគិតប្រាក់ ៥ដុល្លារសឹង្ហបុរី ប្រសិនបើពួកគេលុបចោលការកក់ជាលើក ទី៣ ក្នុងរយៈពេល ៧ថ្ងៃ មិនថាការលុបចោលរបស់ពួកគេស្ថិតក្នុងហេតុផលអ្វីឡើយ។ ប៉ុន្តែប្រសិនបើលោកអ្នកលុបចោលការកក់ Grab ឱ្យបានមុន ៥នាទី និង GrabShare ឱ្យបានមុន ៣នាទី លោកអ្នកនឹងមិនមានការផាកពីន័យអ្វីទេ។ ម៉្យាងទៀតការលុបចោលរបស់លោកអ្នកក៏មិនគិតថ្លៃដែរ ប្រសិនបើការមកដល់របស់ Grab យឺតជាងការកំណត់ច្រើនជាង ៥នាទី៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia