ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀងបានហូរលើផ្លូវជាតិលេខ០៦ នៅស្រុកជីក្រែងហើយ អាជ្ញាធរស្រុកបានអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅពេលយប់

    BY Khmernote Media October 4, 2023
    ជំនន់ទឹកភ្លៀងបានហូរលើផ្លូវជាតិលេខ០៦ នៅស្រុកជីក្រែងហើយ អាជ្ញាធរស្រុកបានអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅពេលយប់

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងខេត្តសៀមរាប បានឱ្យដឹងនៅយប់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា នៅល្ងាចថ្ងៃទី០៣នេះជំនន់ទឹកភ្លៀងដែលហូរធ្លាក់ខ្លាំងមកពីតំបន់ខាងលើ ឥឡូវបានហូលើផ្លូវជាតិជាតិលេខ០៦ហើយ នៅត្រង់ចំណុចចាប់ពីធនាគារអេស៊ីលីដា ទៅដល់ស្ពានខ្នាត ដែលមានប្រវែងប្រមាណជា១០០ម៉ែត្រ ហើយអជ្ញាធរស្រុកកំពុងតែមានវិធានការ ដើម្បីបើកមុខទឹកឱ្យហូរបានលឿន។

    លោកអភិបាលស្រុក បានបន្តថា ដោយសារផ្លូវជាតិលេខ០៦នេះមានការធ្វើចរាចរណ៍ច្រើន ដូចនេះលោកបានអំពាវឱ្យអ្នកធ្វើដំណើរ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសការធ្វើដំណើរនៅពេលយប់។

    យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាបបានបង្ហាញថា ស្ថានភាពជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជនសរុប ៥ ៤៥០គ្រួសារ មានភូមិចំនួន ១១៣ភូមិ នៃឃុំចំនួន ២៧ ក្នុងចំនួន ៧ស្រុក រួមមាន៖ ស្រុកជីក្រែង, ស្រុកប្រាសាទបាគង,ស្រុកសូទ្រនិគម, ស្រុកវ៉ារិន, ស្រុកស្វាយលើ, ស្រុកបន្ទាយស្រី, និងក្រុងសៀមរាប ។ បង្កឱ្យមានផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ លិចលំនៅឋានកម្រិតស្រាល ចំនួន ៣ ៣៣៨ខ្នង ស្មើនឹង ៣ ៣៣៨គ្រួសារ, លិចលំនៅឋានកម្រិតធ្ងន់ ចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ (ជម្លៀសដោយខ្លួនឯងទៅស្នាក់នៅបណ្ដោះអាសន្នជាមួយបងប្អូន), លិចសាលារៀនចំនួន ៣៣កន្លែង, លិចមណ្ឌលសុខភាព ចំនួន ២កន្លែង, លិចបរិវេណវត្តអារាម ចំនួន៩កន្លែង, លិចបរិវេណអាគាររដ្ឋបាល ចំនួន១កន្លែង,លិចស្ពានចំនួន ១៦ម៉ែត្រ, លិចខ្នងទំនប់/ប្រឡាយប្រវែង ២៤ ៥៩១ម៉ែត្រនិងខូចខាតប្រវែង ១២ ៤២៣ម៉ែត្រ, លិចផ្លូវដីស/ដីក្រហម/កៅស៊ូប្រវែង ៥១ ០០៥ម៉ែត្រ និងខូចខាតប្រវែង ១១ ២៦៥ម៉ែត្រ, ប៉ះពាល់ស្រូវចំនួន ៧ ២៤៤ហិកតា ស្មើនឹង ៤ ៣៣២គ្រួសារ ស្ថិតក្នុងស្រុកជីក្រែង ។

    ការតាមដានស្ថានភាពជំនន់ទឹកភ្លៀង ៖ ស្រុកជីក្រែង ជំនន់ទឹកភ្លៀងកំពុងមានការកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា និងទឹករហូរធ្លាក់មកពីភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ និងភូមិសាស្ត្រស្រុកស្វាយលើ។ – ស្រុកវ៉ារិន, ស្រុកស្វាយលើ, ស្រុកប្រាសាទបាគង, ស្រុកបន្ទាយស្រី, និងក្រុងសៀមរាប មានផលប៉ះពាល់កើនឡើងបន្តិច ដោយសារមានភ្លៀងធ្លាក់បន្ថែម និងការហូរមកពីតំបន់ខាងលើ។ ក្នុងករណីពុំមានភ្លៀងធ្លាក់បន្ត នោះស្ថានភាពទឹកនឹងស្រកចុះវិញលឿន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: