ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តព្រៃវែង ប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ៣១៣

BY
Khmernote Media
October 4, 2023

ខេត្តព្រៃវែង៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង បានប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ដោយក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើន និងជាបន្តបន្ទាប់ បណ្ដាលឱ្យទឹកជន់ឡើងហូរកាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហូរបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រនឹងទម្ងង់រថយន្តធុនធ្ងន់បាន។

ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងទប់ស្កាត់ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ជា បណ្ដោះអាសន្នចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុច ទំនប់បង្ហៀរបឹងស្នេហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៨ និងក្រុងព្រៃវែង សូមធ្វើការវាងតាមផ្លូវខេត្តលេខ៣៨៤បេ ចាប់ពីឃុំធាយ កាត់តាមឃុំទឹកថ្លា ស្រុកបាភ្នំ ឃុំសំរោង ឃុំដំរីពួន និងឃុំជាខ្លាង ស្រុក ស្វាយអន្ទរ។ ហើយបងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅកាន់ ផ្លូវជាតិលេខ១ និងផ្សារអ្នកលឿង សូមវាង តាមផ្លូវខេត្តលេខ៣១១ ចាប់ពីផ្សារឈើកាច់ ដល់ផ្សារកំពង់សឹង។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមសហការអនុវត្ត របស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទទាំងអស់ ដើម្បីចូលរួមចំណែកថែរក្សាផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង

Share This Post: