ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាមេរិកបោះទុន ១៧០ លានដុល្លារ វិនិយោគផលិតគ្រឿងបន្លាស់យន្តហោះក្នុងប្រទេសវៀតណាម

    BY autoadmin March 4, 2019
    ក្រុមហ៊ុនអាមេរិកបោះទុន ១៧០ លានដុល្លារ វិនិយោគផលិតគ្រឿងបន្លាស់យន្តហោះក្នុងប្រទេសវៀតណាម

    វៀតណាម៖ យោងតាមសារព័ត៌មាន VNEXPRESS របស់វៀតណាមបានចុះផ្សាយថា ក្រុមហ៊ុន​ Universal Alloy Corporation Asia Pte. Ltd. (UAC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមកបោះទុនវិនិយោគបើករោងចក្រផលិតគ្រឿងបន្លាស់យន្តហោះគ្រប់ប្រភេទនៅក្នុងប្រទេសវៀតណាម ដែលការវិនិយោគនេះស្ថិតក្រោមទំហំទឹកប្រាក់ ១៧០ លានដុល្លារអាមេរិក។ តំណាងរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា តាមគម្រោងវិនិយោគខាងលើនេះគេនឹងអាចផលិតបានគ្រឿងបន្លាស់យន្តហោះ និងសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងយន្តហោះបានប្រមាណជា ៤,០០០ ប្រភេទ សម្រាប់ប្រើប្រាស់ជាមួយនឹងយន្តហោះគ្រប់ប្រភេទទាំងអស់។

    ផលិតផលដែលផលិតនៅក្នុងប្រទេសវៀតណាមនេះនឹងត្រូវបាននាំយកទៅលក់នៅក្នុងតំបន់អាមេរិកខាងជើង និងនៅតំបន់អឺរ៉ុប។ តាមផែនការនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះគេនឹងនាំចេញផលិតផលខាងលើនេះក្នុងតម្លៃ ២៥ លានដុល្លារ ហើយក្នុងឆ្នាំបន្ទាប់ ៨៥ លានដុល្លារអាមេរិក និងនៅក្នុងឆ្នាំ ២០២៦ គេនឹងសម្រេចឲ្យបានក្នុងការនាំចេញផលិតផលក្នុងទំហំទឹកប្រាក់ ១៨០ លានដុល្លារ។ សូមបញ្ជាក់ដែរថា គម្រោងវិនិយោគខាងលើនេះនឹងជួយបង្កើតឱកាសការងារសម្រាប់បុគ្គលិកជំនាញ ១ ២០០ កន្លែង និងបុគ្គលិកគាំទ្ររប្រមាណជា ២ ០០០ កន្លែងសម្រាប់វៀតណាមផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ vnexpress

    Share This Post: