ស្ត្រីធ្វើការច្រើនជាង ៥៥ម៉ោង ក្នុងមួយសប្ដាហ៍ មានហានិភ័យខ្ពស់នៃជំងឺបាក់ទឹកចិត្ត
ការសិក្សាថ្មីមួយដែលមានចុះនៅក្នុងទស្សនាវដ្តីរោគរាតត្បាត និងសុខភាពសហគមន៍ (Journal of Epidemiology & Community Health) បានរកឃើញថា ការធ្វើការច្រើនម៉ោងជារៀងរាល់សប្តាហ៍អាចធ្វើឱ្យខូចប្រយោជន៍ដល់សុខភាពផ្លូវចិត្តទាំងបុរស និងស្ត្រី។ ក្នុងនោះពួកគេបានសរុបសេចក្តីថា ស្ត្រីដែលធ្វើការច្រើនជាង ៥៥ម៉ោង ក្នុងមួយសប្ដាហ៍ និងមានហានិភ័យនៃជំងឺបាក់ទឹកចិត្ត «Depression» ចំណែកការធ្វើការពេញមួយសប្ដាហ៍ ដោយគ្មានថ្ងៃ សៅរ៍ ឬអាទិត្យ នឹងបង្កហានិភ័យនៃជំងឺបាក់ទឹកចិត្តទាំងបុរស និងស្ត្រី។
យោងតាមឯកសារនៃការសិក្សារបស់ចក្រភពអង់គ្លេស (United Kingdom Household Longitudinal Study) បានឱ្យដឹងថា ចំពោះការស្រាវជ្រាវនេះពួកគេបានប្រើប្រាស់ទិន្នន័យពីបុរស និងស្ត្រីជាង ២៣,០០០នាក់ ហើយទិន្នន័យទាំងនេះក៏រួមមានព័ត៌មានអំពីការងារប្រចាំថ្ងៃរបស់ពួកគេដែរ។ ក្នុងនោះពួកគេបានរកឃើញថា សរុបមកស្ត្រីដែលធ្វើការច្រើនជាង ៥៥ម៉ោង គឺមានហានិភ័យនៃជំងឺបាក់ទឹកចិត្តខ្ពស់ជាងបុរស។
ក្នុងនោះពួកគេក៏បានរកឃើញថា ជាងពាក់កណ្តាលនៃស្ត្រីដែលធ្វើការ គឺពួកគេច្រើនតែធ្វើការបន្ថែមម៉ោង ខណៈមានតែ ១៥% នៃបុរសប៉ុណ្ណោះដែលនឹងបន្ថែមម៉ោងការងារ។ ប៉ុន្តែយ៉ាងណាក៏ដោយហានិភ័យនៃជំងឺបាក់ទឹកចិត្តមិនមែនមានតែស្ត្រីនោះទេ ជាក់ស្តែងទាំងមនុស្សវ័យចំណាស់ និងបុរសក៏នឹងអាចមានដូចគ្នា ប្រសិនបើពួកគេធ្វើការច្រើនម៉ោងដោយមិនមានពេលសម្រាកខួរក្បាលគ្រប់គ្រាន់៕


អត្ថបទ៖ លីដា
ប្រភព៖ medicalnewstoday